ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ជំរុញបង្កើនការនាំចេញផលិតផលជលផលសមុទ្រ ទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ: កម្ពុជា កំពុងជម្រុញបង្កើនការនាំចេញ ផលិតផលផ្នែកជលផលសមុទ្រ ចំនួន ៤មុខ រួមមានផលិតកម្មទឹកត្រី បង្គាក្រៀម បង្គាបង្កក នឹងសាច់ក្តាមបង្កក ដែលបច្ចុប្បន្ន វិទ្យាស្ថានស្តង់ដារកម្ពុជា កំពុងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្រមអនុវត្តចំនួន ៤ លើផលិតកម្មខាងលើ។ នេះបើយោងតាមការចេញផ្សាយកាលពីម្សិលមិញនេះ របស់ក្រសួងឧស្សាហកម្ម នឹងសិប្បកម្ម។

វិទ្យាស្ថានស្តង់ដារកម្ពុជា នឹងសហការជាមួយអង្គការ UNIDO នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងក្រមអនុវត្តចំនួន ៤ ក្នុងគោលបំណងប្រមូលទិន្នន័យ នឹងព័ត៌មានបន្ថែម ដើម្បីឲ្យសេចក្តីព្រាងបញ្ចប់ក្រមអនុវត្តទាំង ៤ កាន់តែសុក្រិត និងសមស្របក្នុងការអនុវត្ត ជាពិសេសគឺបង្កើតក្រមអនុវត្តទាំង ៤ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់ផលិតផលទឹកត្រី បង្គាក្រៀម បង្គាបង្កក នឹងសាច់ក្តាមបង្កក ទៅតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា ក្រមអនុវត្តទាំង ៤នេះ ត្រូវបានរៀបចំឡើងដោយ ជំនាញការថ្នាក់ជាតិ និងអន្តរជាតិ ផ្អែកតាមការផលិតជាក់ស្តែង និងតាមក្រមអនុវត្តអន្តរជាតិ គឺដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្ត និងទទួលយកបានដោយទីផ្សារអន្តរជាតិ។

ដោយប្រទេសកម្ពុជា ជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក នឹងជាសមាជិករបស់អាស៊ាន ក្រមអនុវត្តទាំង ៤នេះ នឹងក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងការបង្កើនការនាំចេញផលិតផលកម្ពុជា ទៅទីផ្សារអន្តរជាតិ ដោយបង្កើនគុណភាព និងសុវត្ថិភាពផលិតផលឲ្យស្របតាមតម្រូវការទីផ្សារអន្តរជាតិ ជាពិសេសនៅក្នុងទីផ្សារអាស៊ាន៕

14457559_683032641862916_1224073139600528153_n 1531530_1411787965745917_480689693_n

មតិយោបល់