ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា គ្មានសង្គ្រាមនោះទេ នៅលើឧបទ្វីបកូរ៉េ

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-In នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា គ្មានសង្គ្រាមនោះទេ នៅលើឧបទ្វីបកូរ៉េ ថ្វីបើមានភាពតានតឹងខ្លាំង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

លោក Moon បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា «ប្រជាជនកូរ៉េខាងត្បូងទាំងអស់ បានខិតខំធ្វើការរួមគ្នា ដើម្បីកសាងប្រទេសឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាមកូរ៉េ ហេតុដូចនេះ
លោកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ ក្នុងការរារាំងសកម្មភាពបង្កហេតុណាមួយ ដែលអាចឈានដល់ការផ្ទុះសង្គ្រាម»។

ក្នុងនោះលោកបានបន្ថែមថា «លោកចង់ឲ្យប្រជាជនកូរ៉េខាងត្បូងទាំងអស់ ជឿជាក់ថា នឹងមិនមានសង្រ្គាមកើតទ្បើងនោះទេ ដោយនៅពេលនេះ លោកក៏កំពុងពិចារណា បញ្ជូនបេសកជនពិសេស ទៅកាន់ក្រុងព្យុងយ៉ាងផងដែរ»។

ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី បានឲ្យដឹងថា នឹងមិនមានសកម្មភាពយោធា នៅលើឧបទ្វីបកូរ៉េទ្បើយ ប្រសិនបើគ្មានការយល់ព្រមពីក្រុងសេអ៊ូលនោះ។

គួរបញ្ជាក់ដែរថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើតឡើងនៅប៉ុន្មានខែថ្មីៗនេះ ដោយមានការព្រួយបារម្ភថា កូរ៉េខាងជើងកាន់តែខិតជិតដល់គោលដៅរបស់ខ្លួន ក្នុងការវាយប្រហារដីគោករបស់អាមេរិក ជាមួយនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ៕

មតិយោបល់