ព័ត៌មានសេដ្ឋកិច្ច

មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យ គ្រោងចំណាយ៤លានដុល្លារ រក្សាសុំណុំឯកសារជាតិ

ក្រសួងព័ត៌មាន គ្រោងនឹងចំណាយប្រមាណ ៤លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យប្រចាំក្រសួង ដើម្បីរក្សាឯកសាររបាយការណ៍របស់ជាតិ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិចេញផ្សាយកាលពីម្សិលមិញនេះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា វាជាតម្រូវការចំាបាច់ក្នុងការបង្កើតមជ្ឈមណ្ឌលនេះឡើង ស្របពេលដែលបច្ចុប្បន្នក្រសួង បានផលិត និងផ្ទុកឯកសារជាច្រើនដូចជា សំឡេង រូបភាពវីដេអូ រូបភាពសន្លឹក និងសុំណុំឯកសារអត្ថបទផ្សេងៗទៀត។

ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ នឹងអាចផ្ទុកទិន្នន័យបានច្រើន ធានាបានសន្តិសុខ និងសុវត្ថិភាពឯកសារ ការពារមិនឲ្យជនខិលខូច ចូលទៅលួចទិន្នន័យ ឬបង្ខូចទិន្នន័យ និងលេខកូដរបស់ស្ថាប័នក្រសួងព័ត៌មានឡើយ។

លោកបន្តថា ក្រសួងនឹងខិតខំពន្លឿនលើគម្រោងនេះ ឲ្យបានឆាប់ៗ ព្រោះមានជនខិលខូចមួយចំនួន បានលួចបន្លំចូលទៅក្នុងប្រព័ន្ធទិន្នន័យក្រសួងស្ថាប័នរដ្ឋ និងបណ្តាលឲ្យខូចឯកសារជាច្រើន។

គួរជម្រាបផងដែរថា ក្រុមហ៊ុនស៊ីតែលគ្រុប បានត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន ហើយនឹងនាំយកបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យទំនើបបំផុត មកកាន់ប្រទេសកម្ពុជា៕

មតិយោបល់