ព័ត៌មានសេដ្ឋកិច្ច

កម្មករ កម្មការិនីទាំងអស់ អាចជិះឡានក្រុងសាធារណៈដោយឥតគិតថ្លៃ រយៈពេល ២ឆ្នាំ

ដើម្បីជួយសម្រួលដល់ការចំណាយលើ មធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករ កម្មការិនីទាំងអស់នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបងប្អូនកម្មករកម្មការិនីទាំងអស់ ជិះឡានក្រុងគ្រប់ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ។

បងប្អូនកម្មករ កម្មការិនីទាំងអស់ អាចជិះឡានក្រុងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារ។

គួររម្លឹកដែរថា កាលពីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ឡានក្រុងក្នុងរាជធានីភ្នំពេញ បានបើកដំណើរការជាធម្មតា ដោយមិនគិតថ្លៃ ហើយបងប្អូនប្រជាពលរដ្ឋ អាចជិះរថយន្តក្រុងកម្សាន្ត ក្នុងរាជធានីភ្នំពេញ ជាពិសេសបងប្អូន ដែលពុំបានទៅលេងស្រុកកំណើត ហើយនឹងអ្នកដែលមកលេងទីក្រុងវិញផងដែរ។

សាលារាជធានីភ្នំពេញ នឹងបន្តខិតខំពង្រឹងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព និងផ្តល់សេវាឲ្យបានល្អជាងនេះ ជាពិសេសគឺ ពង្រីកខ្សែរត់បន្ថែមឲ្យដល់ ១០ខ្សែ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍។

ក្រសួងសាធារណការ នឹងដឹកជញ្ជូន ក៏កំពុងតែសិក្សាពីលទ្ធភាព ក្នុងការប្រើប្រាស់កាណូតសាធារណៈ Public Water Bus ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលអាចចាប់ផ្តើមរត់នៅឆ្នាំ ២០១៧ខាងមុខនេះ រវាងទីតាំង ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ៕

មតិយោបល់