ព័ត៌មានសេដ្ឋកិច្ច

ផ្ទះសំណាក់តែ ៣០% ដាក់បង្ហាញតម្លៃឲ្យទទួលយកបាន កាលពីចូលឆ្នាំ នៅខេត្តព្រះសីហនុ

នាឱកាសបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃកន្លងទៅនេះ ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១.៤សែននាក់។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ របស់ រដ្ឋបាលខេត្តព្រះសីហនុ។

យ៉ាងណាមិញ ភ្ញៀវទេសចរខ្លះ មានបញ្ហាត្អូញត្អែរលើការឡើងថ្លៃស្នាក់នៅ​ ការហូបចុក និងសេវាកម្មខ្លះៗក៏ដោយ មន្ទីរទេសចរខេត្ត សហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលសាលាខេត្ត បានធ្វើការ ផ្សព្វផ្សាយណែនាំ ដល់ម្ចាស់ ឬអ្នកគ្រប់គ្រង ត្រូវតែដាក់បង្ហាញតម្លៃឲ្យភ្ញៀវបានដឹង តែក្នុងនោះ មានផ្ទះសំណាក់ ប្រមាណ ៣០ភាគរយប៉ុណ្ណោះ ដាក់បង្ហាញតម្លៃ សម្រាប់ឲ្យភ្ញៀវទេសចរទទួលយកបាន។

ចំនួនភ្ញៀវទេសចរ មកកម្សាន្តនៅខេត្តព្រះសីហនុ ឆ្នាំនេះ គឺមានការកើនឡើងប្រមាណ ១០ភាគរយ បើធៀបនឹងឆ្នាំ ២០១៦ ក្នុងនោះ ភ្ញៀវជាតិមានចំនួនជាង ១.៣សែននាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួនជាង ៥ពាន់នាក់។

ចំពោះភ្ញៀវដែលមកកម្សាន្តនៅតាម​កោះ មានចំនួន ៨៤៥៥នាក់ ក្នុងនោះភ្ញៀវជាតិ ៤៣៤៨នាក់ និងអន្តរជាតិ ៤១០៧នាក់ ហើយភាគច្រើនទៅកម្សាន្ត នៅកោះរ៉ុង និងកោះរ៉ុងសន្លឹម។

រីឯភ្ញៀវចូលទស្សនាតាមរមណីយដ្ឋានសរុបប្រមាណ ១៦៥៩៧នាក់ រួមមានរមណីយដ្ឋានថ្មរូង ក្បាលឆាយ និងពិកនិច។

គួររម្លឹកដែរថា ត្រឹម ២ខែ ដើមឆ្នាំ ២០១៧នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥៣ម៉ឺននាក់ ដែលស្មើនឹង ៤៥ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជា៕

មតិយោបល់