កាលពីពេលថ្មីនេះ លោក Kazuyuki Nui ប្រតិភូជប៉ុន ខេត្តអូសាកា បានបង្ហាញពី បំណងនាំយកបច្ចេកវិទ្យាទំនើប និងបណ្តាក់ទុនមកកម្ពុជា ដើម្បីអភិវឌ្ឍន៍លើវិស័យកសិកម្ម សំដៅនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោក Nui បន្តថា កម្ពុជា មានភាពអំណោយផលលើវិស័យកសិកម្ម ប៉ុន្តែត្រូវការធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃលើផលិតផលដែលមានស្រាប់ ហើយខេត្តអូសាកា ជាខេត្តមួយរបស់ជប៉ុន ដែលមានភាពលេចធ្លោខាងផ្នែកបច្ចេកវិទ្យា និងដំណាំកសិ-ឧស្សាហកម្ម។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យភាគីជប៉ុន ពិចារណាលើ ដំណាំមានសក្តានុពលនាំចេញដូចជា ស្រូវ ពោត ដំឡូងមី និងផលិតផលមួយចំនួនទៀត។
លោកក៏បានស្នើឲ្យមាន ការចុះអនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មខេត្តអូសាកា និងសភាពាណិជ្ជកម្មកម្ពុជា នឹងស្នើឲ្យប្រតិភូជប៉ុននៃ ខេត្តអូសាកា បង្កើតជាសមាគមធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។
គួរជម្រាបដែរថា គិតត្រឹម ៥ខែដើមឆ្នាំ ២០១៧នេះ គម្រោងវិនិយោគធំៗរបស់ជប៉ុនចំនួន ៨២គម្រោង បានបោះទុនវិនិយោគប្រមាណ ៣៨៨លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ជប៉ុន ចាប់ផ្តើមងាកមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន ដែលនេះឆ្លុះបញ្ចាំងពី ជំនឿទុកចិត្តរបស់វិនិយោគិនជប៉ុន ក្នុងការធ្វើធុរកិច្ច និងពង្រីកផលិតកម្មនៅកម្ពុជា។
គិតត្រឹមខែឧសភា ឆ្នាំ ២០១៧នេះ កម្ពុជា បានស្វាគមន៍គម្រោងវិនិយោគធំៗរបស់ជប៉ុនចំនួន ១២៥គម្រោង ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានទុនវិនិយោគសរុបប្រមាណ ១.៥ពាន់លានដុល្លារអាមេរិក។
វិនិយោគពីជប៉ុន មកកម្ពុជា មានការកើនឡើងខ្លាំង ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៦នេះ ដោយអាជីវកម្មខ្នាតតូចរបស់ជប៉ុននៅកម្ពុជា កើនឡើង ៩៩ភាគរយ ពី ៣២៦អាជីវកម្ម កាលពីឆ្នាំមុន មក ៦៥៥អាជីវកម្ម ត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៦ នេះ។
អាជីវកម្មខ្នាតធំ ក៏កើនឡើងប្រមាណ ២៦ភាគរយ ពី ២២៤អាជីវកម្ម ដល់ទៅ ២៨២អាជីវកម្ម ហើយកំណើននេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងទៀត ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជា អភិវឌ្ឍន៍បានល្អ។
កាលពីឆ្នាំ ២០១៥ ជប៉ុន ជាវិនិយោគិនធំទី ៣ ដែលមានក្រុមហ៊ុនចំនួន ២៥០ រៀបចំដំណើរការនៅកម្ពុជា ហើយវិនិយោគទៅលើ ខុនដូ សណ្ឋាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលកម្សាន្តជាដើម។
សម្រាប់ភោជនីយដ្ឋានជប៉ុន បានបង្ហាញវត្តមាននៅកម្ពុជាជិត ២០០កន្លែង ហើយនឹងបន្តកើនឡើងទៀត ជាពិសេសបន្ទាប់ពីការបើកដំណើរការផ្សារទំនើបអ៊ីអន ទី ២ នៅឆ្នាំ ២០១៨ខាងមុខ៕
មតិយោបល់