ស្មាតហ្វូនដំបូងបង្អស់របស់បិតាស្ថាបនិកនៃប្រព័ន្ធប្រតិបត្តិការ Android គឺលោក Andy Rubin ឈ្មោះ Essential Phone បានបញ្ចេញមុខមាត់ពិតប្រាកដហើយ បន្ទាប់ពីវាត្រូវបានបង្ហើប និងទម្លាយឱ្យដឹងក្នុងមួយរយៈកន្លងមក។ នេះបើយោងតាមគេហទំព័រ Business Insider ចុះផ្សាយនៅថ្ងៃម្សិលមិញ។
យោងតាមប្រភពដដែល ដែលបានធ្វើតេស្តលើស្មាតហ្វូនស៊េរីថ្មីនេះ បានអះអាងថា Essential Phone ពិតជាប្រណិតដូចអ្វីដែលបានលេចឮកន្លងមកមែន។ ក្រៅពីក្រាលដោយអេក្រង់ស្ទើរគ្មានស៊ុម តួខ្លួនវាគឺស្រោបដោយលោហៈទីតានីញ៉ូមផ្សំធាតុសេរ៉ាមិច ដែលជួយឱ្យសម្រស់របស់វាលេចធ្លោ ខុសប្លែកពីកំពូលស្មាតហ្វូនដូចជា Samsung Galaxy S8។
អ្វីដែលជាភាពខ្លាំងមួយផ្សេងទៀតរបស់ Essential Phone គឺ វានឹងបំពាក់ប្រព័ន្ធ Android ដើម ចេញពីស្តុកតែម្តង ដែលខុសពីស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដូចគ្នានេះ របស់បណ្តាក្រុមហ៊ុនដទៃដូចជា Samsung, LG, និង Huawei ដែលបានធ្វើការកែប្រែ រចនាបន្ថែមបន្ថយផ្ទាំងកម្មវិធីរបស់វា និងមុខងារមួយចំនួន ដើម្បីបង្កើតអត្តសញ្ញារបស់ខ្លួន និងឱ្យខុសពីស្មាតហ្វូនក្រុមហ៊ុនគូប្រជែង។ នេះបើយោងតាមការថ្លែងឱ្យដឹងពីលោក Rubin កាលពីខែឧសភា។
ប្រព័ន្ធ Android ដើម ដែលគ្មានការកែកុន ត្រូវបានស្ថាបនិករបស់វា គឺ Rubin ជឿថា នៅតែជាប្រព័ន្ធល្អបំផុតធៀបទៅនឹងប្រព័ន្ធដែលគេឯងបានឃើញនៅលើស្មាតហ្វូនស៊េរី Samsung, LG, ឬ Huawei។ ពោលគឺ វាមានលក្ខណៈសម្បត្តិ និងដំណើរការដូចអ្វីដែលក្រុមហ៊ុន Google ផ្តល់ឱ្យ និងពុំមានកម្មវិធីជាន់គ្នាជាមួយស្មាតហ្វូនប្រភេទ Android ដទៃ។
យោងតាមគេហទំព័រ technology review ស្មាតហ្វូនប្រភេទ Android ដ៏ថ្មីស្រឡាងនេះ ត្រូវបានបើកឱ្យកម្ម៉ង់ទិញទុកមុនក្នុងតម្លៃ ៦៩៩ ដុល្លារ (តម្លៃបរទេស) មុនថ្ងៃប្រកាសចេញជាផ្លូវនៅថ្ងៃទី ២៥ សីហា ខាងមុខ៕
មតិយោបល់