សិង្ហបុរីៈ កងទ័ពជើងទឹកអាមេរិក នៅថ្ងៃច័ន្ទនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវិកអាមេរិក ១០ នាក់ កំពុងបាត់ខ្លួន ខណៈដែល ០៥ នាក់ទៀតបានរងរបួស បន្ទាប់ពីនាវាពិឃាតអាមេរិក១គ្រឿង បានប៉ះទង្គិចគ្នាជាមួយនាវាដឹកជញ្ជូនទំនិញ នៅភាគខាងកើតប្រទេសសិង្ហបុរី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ ២១ ខែសីហា ឆ្នាំ២០១៧។
តាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយបានឲ្យដឹងថា នាវាចម្បាំង USS John S McCain (DDG 56) បានប៉ះទង្គិចគ្នាជាមួយនាវាដឹកទំនិញឈ្មោះ Alnic MC ខណៈកំពុងធ្វើដំណើរតាមផ្លូវទឹក ចន្លោះរវាងភាគខាងកើតប្រទេសសិង្ហបុរី និងទីក្រុងម៉ាឡាកា ប្រទេសម៉ាទ្បេស៊ី នៅថ្ងៃច័ន្ទទី ២១ ខែសីហានេះ។
ការប៉ះទង្គិចនេះ ត្រូវបានគេរាយការណ៍ថា បានកើតទ្បើងនៅវេលាម៉ោង ០៦ និង ២៤ នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) ខណៈដែលនាវានេះ កំពុងធ្វើដំណើរឆ្លងកាត់កំពង់ផែ តាមទម្លាប់នៅប្រទេសសិង្ហបុរី។
មកទល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កំពុងធ្វើឡើងដោយមានការសម្របសម្រួល ជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសសិង្ហបុរីផងដែរ៕
មតិយោបល់