ព័ត៌មានសេដ្ឋកិច្ច

Smart Axiata បោះទុនវិនិយោគជាង ៩៦៧លានដុល្លារ នៅកម្ពុជា

គិតមកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន Smart Axiata បានចំណាយដើមទុន និងចំណាយលើប្រតិបត្តិការប្រមាណ ៩៦៧លានដុល្លារអាមេរិក ដើម្បីជម្រុញវិស័យគមនាគមន៍នៅ ប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍ ចេញផ្សាយនៅថ្ងៃនេះ។

ក្នុងឆ្នាំ ២០១៥ និង ២០១៦ ក្រុមហ៊ុន បានបោះទុនវិនិយោគប្រមាណ ១៤០លានដុល្លារអាមេរិក ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Smart បានចូលរួមចំណែកទឹកប្រាក់ ៣១៣លានដុល្លារអាមេរិក ចូលសេដ្ឋកិច្ចរបស់កម្ពុជា ហើយក្រុមហ៊ុន ក៏បានបង់ពន្ធ ថ្លៃសេវាឯកសារ និងថ្លៃសេវាផ្សេងៗ សរុបចំនួន ៦៥លានដុល្លារអាមេរិកផងដែរ។

ក្រៅពីនេះ ក្រុមហ៊ុន ក៏មានការប្តេជ្ញាចិត្ត ក្នុងវិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គម ក្រោមសសរស្តម្ភ ចំនួន ៤គឺ ការកសាងធនធានមនុស្ស គុណតម្លៃរយៈពេលវែងដែលលើសពីប្រាក់ចំណេញរយៈពេលខ្លី ដំណើរការល្អឥតខ្ចោះ និងចុងក្រោយគឺ ពិភពលោក និងសង្គម។

គួរជម្រាបដែរថា ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនបានបង្កើតការងារដល់មនុស្សជាង ៤ម៉ឺននាក់ ក្នុងនោះ ១០៤៧នាក់ ជាបុគ្គលិកផ្ទាល់របស់ក្រុមហ៊ុន៕

មតិយោបល់