អាងប្រពឹត្តិកម្មសម្អាតទឹកកខ្វក់ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ក្នុងមួយថ្ងៃបាន ១៥,០០០ម៉ែត្រគូប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានសម្ពោធសមិទ្ធផលថ្មីនេះ ដែលមានលទ្ធភាពសម្អាតទឹកកខ្វក់ក្នុងមួយថ្ងៃបាន ១៥,០០០ម៉ែត្រគូប ដោយចែកជា ៣ដំណាក់កាល ក្នុងមួយដំណាក់កាល សម្អាតបាន ៥,០០០ម៉ែត្រគូប។
បច្ចុប្បន្នអាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះ មានលក្ខណៈទាន់សម័យទំនើបជាងគេក្នុងប្រទេសកម្ពុជា ដែលអាចជួយកាត់បន្ថយយ៉ាងច្រើន កុំឲ្យប៉ះពាល់ដល់បរិស្ថានប្រជាពលរដ្ឋរស់នៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
អាងនេះ ក៏ជាឧបករណ៍ជួយជម្រុញដល់ការទាក់ទាញអ្នកវិនិយោគគ្រប់មជ្ឈដ្ឋាន ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិន ដោយសារការអភិវឌ្ឍន៍ឲ្យមានចីរភាព ថែរក្សាសម្រស់ធម្មជាតិ និងការពារបរិស្ថានអេកូឡូស៊ី មិនបណ្តាលឲ្យមានផលប៉ះពាល់ដល់អ្នកវិនិយោគ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នតំបន់សេដ្ឋពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុន ១០៩ ដែល ៩០ក្រុមហ៊ុន កំពុងដំណើរការ មានកម្មករប្រមាណ ១៦,០០០នាក់ ហើយរំពឹងទាក់ទាញក្រុមហ៊ុនវិនិយោគប្រមាណ ៣០០ក្រុមហ៊ុន និងមានកម្មកររហូតដល់ ១០ម៉ឺននាក់៕
មតិយោបល់