ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ចាប់ផ្តើមបង្កើតមន្ទីរពិសោធន៍លើ ផលិតផលឧស្សាហកម្ម ជាលក្ខណៈអន្តរជាតិ

ក្រសួងឧស្សាកម្ម និងសិប្បកម្ម បានចាប់ផ្តើមបង្កើតឲ្យមាន មន្ទីរពិសោធន៍លើ ផលិតផលផ្នែកឧស្សាហកម្ម ជាលក្ខណៈអន្តរជាតិ ក្នុងការត្រួតពិនិត្យផលិតផលទំនិញ នៅតាមរោងចក្រសហគ្រាសក្នុងស្រុក ដើម្បីពង្រឹងគុណភាព សុវត្ថិភាព មុននឹងនាំចេញទៅក្រៅប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ការបង្កើតមន្ទីរពិសោធន៍ជាលក្ខណៈស្តង់ដារនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះកន្លងមក ការធ្វើពិសោធន៍លើផលិតផល ដែលនាំចេញពីកម្ពុជា ទៅក្រៅប្រទេស ក្រុមហ៊ុនអន្តរជាតិមួយចំនួន មិនសូវមានការទទួលស្គាល់គុណភាព ខណៈការវាយតម្លៃរួចហើយ ត្រូវយកមកពិនិត្យមើលម្តងទៀត។

ការសម្រេចបង្កើតមន្ទីរពិសោធន៍ MTS Cambodia នេះ គឺក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានសហការជាមួយក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថៃ លើការពង្រឹងសមត្ថភាព ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ មុននឹងនាំចេញទៅប្រទេសថៃ​ និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។

លើសពីនេះទៅទៀត មន្ទីរពិសោធន៍នេះ នឹងមានសិទ្ធិចេញលទ្ធផលពិសោធន៍ លើផលិតផលទំនិញពីកម្ពុជា ដែលទទួលស្គាល់ជាលក្ខណៈសកល។

គួររម្លឹកដែរថា នេះជាលើកទី ២​ហើយ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសហការជាមួយវិស័យឯកជន ក្នុងការបង្កើតឲ្យមានមន្ទីរពិសោធន៍លំដាប់អន្តរជាតិនៅក្នុងស្រុក រួមមាន ក្រុមហ៊ុនមន្ទីរពិសោធន៍ SGS Cambodia និងក្រុមហ៊ុនមន្ទីរពិសោធន៍ MTS Cambodia៕

មតិយោបល់