រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការទូទាត់សងប្រាក់លម្អៀងលើសជូនអតិថិជនវិញ ចាប់ពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៧ខាងមុខនេះ។
ការទូទាត់សងប្រាក់នេះ នឹងធ្វើឡើងនៅតាមបញ្ជរបេឡាទាំងអស់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង ៨ព្រឹក ដល់ ៤ល្ងាច (មិនសម្រាកពេលថ្ងៃត្រង់)។
អតិថិជន អាចមកធ្វើការទូទាត់ដោយគ្រាន់តែយកមកជាមួយនូវ៖
១. វិក្កយបត្របង់ប្រាក់ថ្លៃទឹកថ្មី (ក្រោយពីការកែសម្រួលតាមការគណនាចាស់)
២. សក្ខីបត្រដែលនឹងចែកជូនដោយភ្នាក់ងារ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
គួររម្លឹកដែរថា ដោយសារមានកំហុសបច្ចេកទេស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការគណនា និងចេញវិក្កយបត្រពុំត្រឹមត្រូវ បណ្តាលឲ្យមានការកើនឡើងនៃតម្លៃទឹកប្រើប្រាស់របស់ប្រជាជន ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ។
អាស្រ័យហេតុនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គណនាតម្លៃទឹកតាមរបៀបគណនាចាស់ និងសងជូនអតិថិជនវិញ នូវតម្លៃលម្អៀងលើស។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ថ្លៃទឹកភ្លើងនៅទូទាំងប្រទេស ចុះថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៧តទៅ។
សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្រោម ៣ម៉ែត្រគូប ក្នុងមួយខែ គឺត្រូវបានបន្ធូរបន្ថយតម្លៃមកត្រឹម ៤០០រៀលក្នុងមួយម៉ែត្រគូប ពោលគឺថ្លៃដើម ហើយបើប្រើប្រាស់ចន្លោះពី ៤-៧ម៉ែត្រគូប គឺបញ្ចុះតម្លៃពី ៥៥០រៀល មកត្រឹម ៥០០រៀល៕


មតិយោបល់