ព័ត៌មានអន្តរជាតិ

ចិន អះអាងថា ភាពតានតឹងនៅកូរ៉េឈានដល់ចំណុចកំពូលហើយ

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានព្រមានថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានឈានដល់ចំណុចកំពូលហើយ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងហោះរំលងប្រទេសជប៉ុន ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានលើកទ្បើងថា វាជារឿងមួយមិនធ្លាប់មានពីមុនមក ហើយក៏ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខប្រទេសរបស់ខ្លួនផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying កាលពីថ្ងៃអង្គារ បានជំរុញឲ្យភាគីទាំងអស់ ជៀសវាងការបង្កហេតុណាមួយដាក់គ្នា និងបានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង ផ្អាកសកម្មភាពសាកល្បងមីស៊ីល ព្រមទាំងស្នើឲ្យអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធារួមគ្នាផងដែរ។

លោកស្រី Hua បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំងថា ស្ថានភាពឥទ្បូវនេះ គឺឈានដល់ចំណុចកំពូល ដែលនឹងឆ្ពោះទៅរកវិបត្តិហើយ ហេតុដូច្នេះ នៅពេលជាមួយគ្នានេះ គួរតែជាឱកាស ដើម្បីបើកកិច្ចចរចា សន្តិភាពឡើងវិញ ។

ប្រទេសចិនសង្ឃឹមថា ភាគីពាក់ព័ន្ធអាចពិចារណា ពីមធ្យោបាយដែលពួកគេ អាចលុបបំបាត់ស្ថានការណ៍ បង្កហេតុនៅពេលនេះ ដើម្បីទទួលបាននូវសន្តិភាព និងស្ថេរភាពនៅលើឧបទ្វីបមួយនេះ»។

ក្នុងនោះលោកស្រីបានបន្ថែមថា ពេលវេលាកន្លងមក បានបង្ហាញថា សម្ពាធ និងទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង មិនអាចដោះស្រាយឫសគល់នៃបញ្ហានោះទេ ហើយថាវិធីតែមួយគត់ ដើម្បីដោះស្រាយភាពតានតឹងនោះបាន គឺការដោះស្រាយកង្វល់សន្តិសុខតាមផ្លូវច្បាប់ ជាមួយនឹងការសន្ទនាគ្នា៕

មតិយោបល់