ព័ត៌មានសេដ្ឋកិច្ច

រុស្ស៊ី ស្វែងរកដៃគូសហប្រតិបត្តិការលើ វិស័យ E-commerce នៅកម្ពុជា

សមាគម Electronic Trading Platform មកពី សហព័ន្ធរុស្ស៊ី ស្វែករកដៃគូសហប្រតិបត្តិការលើ វិស័យ E-commerce នៅកម្ពុជា ជាមួយក្រុមហ៊ុនឯកជន។ នេះបើយោងតាម ការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។

ភាគីរុស្ស៊ី ក៏បានធ្វើបទបង្ហាញពី ដំណោះស្រាយព័ត៌មានវិទ្យារបស់ ក្រុមហ៊ុន SELDON រួមមាន៖ ផ្តល់នូវទិន្នន័យរបស់បណ្តាក្រុមហ៊ុន និងសហគ្រិនរុស្ស៊ី ប្រតិបត្តិការក្រុមហ៊ុនរុស្ស៊ីតាមវិស័យនីមួយៗ និងផ្តល់សេវាផ្សេងៗពាក់ព័ន្ធសេដ្ឋកិច្ចឌីជីថល និង E-commerce ដល់ក្រុមហ៊ុនឯកជន។

ក្រុមហ៊ុន SELDON ក៏កំពុងស្វែងរកដៃគូសហប្រតិបត្តិការជាមួយ ក្រុមហ៊ុននៅប្រទេសចិន សហរដ្ឋអាមេរិក និងរួមទាំងកម្ពុជាផងដែរ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា សេចក្តីព្រាងច្បាប់ស្តីពី E-Commerce នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០១៧នេះ ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងពាណិជ្ជករ ក្នុងការធ្វើពាណិជ្ជកម្ម នៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានជាតិ កាលពីពេលថ្មីៗនេះ។

លោកបន្តថា កម្ពុជា ត្រូវតែខិតខំប្រឹងប្រែង រៀបចំសេចក្តីព្រាងច្បាប់នេះឲ្យទាល់តែបាន ព្រោះវាមានវិសាលភាពធំធេង ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច កាត់បន្ថយការចំណាយផ្សេងៗ ក្នុងការបើកអាជីវកម្មនៅកម្ពុជា ហើយអាចជួយលើកស្ទួយផលិតផលក្នុងស្រុក ឲ្យកាន់តែប្រសើរថែមទៀតផង។

ច្បាប់ E-Commerce ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយតម្រង់ការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងមានស្តង់ដាស្របតាមប្រទេសក្នុងតំបន់ និងអន្តរជាតិ អាចធ្វើពាណិជ្ជកម្មឆ្លងពី កន្លែងមួយ ទៅកន្លែងមួយទៀត ដោយមិនមានកំណត់នូវព្រំដែន។

គួរជម្រាបដែរថា ការរៀបចំច្បាប់ E-Commerce នេះ គឺដើម្បីឲ្យ កម្ពុជា រៀបចំខ្លួនឲ្យបានរួចរាល់ ដើម្បីចូលរួមបដិវត្តន៍សេដ្ឋកិច្ចឌីជីថល ដែលមានអានុភាពខ្ពស់ ជាកម្លាំងចលករសម្រាប់ការធ្វើសមាហរណកម្ម៕

មតិយោបល់