ប៉ៃលិនៈ បុរសជាកម្មករចាំចម្ការម្នាក់ បានយកម៉ូតូកង់បី របស់ខ្លួនទៅប៉ះនៅកន្លែងជាងផ្សារដែកមួយកន្លែង ពេលជាងជួសជុលឲ្យរួចរាល់អស់ហើយ មិនដឹងជាមូលហេតុអ្វីបានជាជនរងគ្រោះទៅចាប់ដែកសរសៃ វែង១ដើម លើកឡើងលើ បណ្តាលឲ្យប៉ះចំខ្សែភ្លើង ( ខ្សែកាប ) ដែលតភ្ជាប់ ចរន្តអគ្គិសនីពីប្រទេសថៃ ចូលមកខេត្តប៉ៃលិនតាមច្រកទ្វារអន្តរជាតិព្រំ បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចអង់តែន ទូរសព្ទ០១៦ ជាប់បណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ស្រុក សាលាក្រៅ។
ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ឃុំស្ទឹងកាច់ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប៉ាវ វ៉ាត ភេទប្រុស អាយុ៣៩ឆ្នាំ ជាកម្មករចាំចម្ការ ឲ្យថៅកែម្នាក់នៅទល់មុខនឹងកន្លែងកើតហេតុ មានប្រពន្ធឈ្មោះ សៀន សៀក អាយុ៣៦ឆ្នាំ ជា កម្មករ មានកូន៣នាក់ ប្រុស២ ស្រីម្នាក់ ក្នុងបន្ទុក ស្នាក់នៅភូមិកើតហេតុខាងលើ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បាន យកម៉ូតូកង់បីរបស់ខ្លួនទៅឲ្យជាងប៉ះនៅក្បែរកន្លែងកើតហេតុ លុះជាងជួសជុលរួចរាល់អស់ហើយ ស្រាប់តែនៅសុខៗជនរងគ្រោះដើរទៅទាញយកដែក សរសៃមូល១ដើម ដែលមានប្រវែងជាង៤ម៉ែត្រលើកឡើងលើ បណ្តាលឲ្យប៉ះ ចំខ្សែភ្លើងដែលគេបានតភ្ជាប់ពីប្រទេសថៃចូលមកខេត្តប៉ៃលិន ក៏បណ្តាលឲ្យ ឆក់ចេញជាផ្កាភ្លើងយ៉ាងសន្ធោសន្ធៅ ហើយបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹង កន្លែងតែម្តង។ តែសំណាងល្អដែលជាងប៉ះម៉ូតូឈរនៅឆ្ងាយពីជនរងគ្រោះ បន្តិចកុំអីអាចនឹងគ្រោះថ្នាក់ទាំង២នាក់ផងដែរ ហើយអ្នកដែលឈរជុំគ្នា នៅ ក្បែរៗនោះជាច្រើននាក់ក៏នាំគ្នារត់គេចចេញ ដោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយពេលកើតហេតុ បន្ទាប់ពីនគរបាលធ្វើការត្រួតពិនិត្យ រួចក៏ប្រគល់សព បុរសរងគ្រោះឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់