ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនចិន គ្រោងវិនិយោគលើ ដំណាំកសិកម្មច្រើនប្រភេទ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនចិន Tian Rui (Cambodia) Agricultural Cooperation បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើដំណាំកសិកម្មច្រើនប្រភេទ ដោយវិនិយោគតាំងពីការដាំដុះដំណាំកសិកម្ម ធ្វើការកែច្នៃ និងនាំចេញ។ នេះបើយោងតាមកិច្ចពិភាក្សារវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Michael Shen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tian Rui ធ្វើឡើងកាលពីម្សិលមិញនេះ។

លោក Michael Shen បានឲ្យដឹងថា ក្រុមហ៊ុន ទទួលបានគោលការណ៍វិនិយោគតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលក្រុមហ៊ុនវិនិយោគតាំងពីការដាំដុះដំណាំកសិកម្ម ធ្វើការកែច្នៃ និងនាំចេញ ដោយក្នុងនោះ នឹងមានរៀបចំកិច្ចសន្យាដាំដុះជាមួយកសិករ នៅតាមបណ្តាខេត្តនានា នឹងប្រមូលដឹកជញ្ជូនយកមកស្តុក នឹងកែច្នៃនៅក្នុងរោងចក្រ ក្នុងទីតាំងតំបន់ខាងលើ។

លើសពីនេះទៅទៀត ក្រុមហ៊ុនគ្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ជួយបណ្តុះបណ្តាលដល់កសិករសហការក្នុងគម្រោង នឹងមន្រ្តីកសិកម្មកម្ពុជា ដោយអ្នកជំនាញការមកពីក្រសួងកសិកម្មចិន។

ក្រុមហ៊ុនក៏មានគម្រោងបង្កើតកន្លែងស្តុកត្រជាក់ ដើម្បីរក្សាកសិផលចាំបាច់កុំឲ្យខូច ងាយស្រួលដល់ការរៀបចំ និងកែច្នៃនាំចេញ ហើយនឹងមានមន្ទីរភូតគាមអនាម័យ សម្រាប់ការងារអនាម័យកសិផលតែម្តង។

លោក វេង សាខុន បានបញ្ជាក់ដែរថា គម្រោងនេះ ស្របនឹងគោលនយោបាយរបស់ក្រសួង ក្នុងការធ្វើកសិកម្មតម្រូវចិត្តអ្នកទិញ ពោលគឺ តាំងពីកំណត់ប្រភេទដំណាំ បច្ចេកទេសដាំដុះ ថែទាំ រហូតដល់កែច្នៃ វេចខ្ចប់ និងធ្វើការនាំចេញទៅកាន់ទីផ្សារបរទេស ហើយអ្វីដែលសំខាន់គឺ កសិផលដែលផលិតបាន គឺមិនបារម្ភពីបញ្ហាទីផ្សារ៕

14468519_1228476410523894_4869416068846152979_o 14444767_1228476310523904_6303327517563357500_o 14468744_1227793123925556_6885424809692674066_o

មតិយោបល់