ព័ត៌មានសេដ្ឋកិច្ច

ថៃ រំពឹងទាក់ទាញ វិនិយោគិនកម្ពុជា ចូលរួមពិព័រណ៍ទំនិញធំបំផុត «STYLE»

នាយកដ្ឋានជម្រុញពាណិជ្ជកម្មក្រៅប្រទេសនៃ ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសបើកនូវ ពិព័រណ៍ទំនិញ STYLE កម្រិតភូមិភាគធំបំផុតមួយ ដែលរំពឹងអាចទាក់ទាញ វិនិយោគិនកម្ពុជា ដើម្បីចូលរួម និងមានឱកាសចរចារអាជីវកម្ម។

ពិព័រណ៍ទំនិញ STYLE គឺជាការរួមបញ្ចូលគ្នានៃពិព័រណ៍ធំៗចំនួន ៣ របស់ថៃ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៧ ដល់ ២១ ខែតុលា ខាងមុខនេះ នៅក្នុងមជ្ឈមណ្ឌលរៀបចំកម្មវិធី និងប្រជុំ បៃថេគ បាងណា ទីក្រុងបាងកក។

នៅក្នុងពិព័រណ៍នេះ នឹងមានការសហការជាមួយ ២៤សមាគមពាក់ព័ន្ធ និងអាជីករទាំងថៃ និងបរទេស ចូលរួមតាំងពិព័រណ៍ មិនតិចជាង ១០០០ក្រុមហ៊ុនឡើយ។

លោក ម៉ាលី ឆូកឡាំលើត ប្រធាននាយកដ្ឋានជម្រុញពាណិជ្ជកម្មក្រៅប្រទេស បានឲ្យដឹងថា កម្មវិធីពិព័រណ៍នេះ នឹងបើកឱកាសឲ្យអាជីវករ បានចូលរួមបង្ហាញសមត្ថភាព រួមបញ្ចូលនូវទំនិញជាច្រើនប្រភេទ ក្នុងហាងតែមួយ និងផ្តល់ឱកាសឲ្យអ្នកទិញ មានជម្រើសច្រើនផងដែរ។

គួរជម្រាបដែរថា ពិព័រណ៍ទំនិញ STYLE រំពឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាង ៦ម៉ឺននាក់ មកពីទូទាំងសកលលោក ជាពិសេសមកពី សហរដ្ឋអាមេរិក ជប៉ុន ចិន អាស៊ាន ឥណ្ឌា និងអូស្រ្តាលី៕

មតិយោបល់