ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា-ជប៉ុន បោះទុន ២.២លានដុល្លារ បង្កើតរោងចក្រផលិតជីកសិកម្ម នៅខេត្តកណ្តាល

ក្រុមហ៊ុនជប៉ុន Nangoku Agriculture Development បានសហការគ្នាជាមួយក្រុមហ៊ុនកម្ពុជា Bayon Heritage បោះទុន ២.២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតជីកសិកម្ម នៅខេត្តកណ្តាល។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក Nangoku Agriculture Development ចេញផ្សាយកាលពីម្សិលមិញនេះ។

រោងចក្រផលិតជីនេះ នឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំក្រោយ ដែលមានសមត្ថភាពផលិតជីបានប្រមាណ ៣ម៉ឺនតោនក្នុងមួយឆ្នាំ ហើយក្នុងជំហានដំបូង ក្រុមហ៊ុន នឹងផលិតជី ដោយប្រើវត្ថុធាតុដើមពីជប៉ុន រហូតដល់ទៅ ៨៥ភាគរយ ដោយនៅកម្ពុជាខ្វះវត្ថុធាតុដើមមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីជប៉ុន។

ជី ផលិតដោយរោងចក្រ Nangoku គឺជាជីធម្មជាតិសុទ្ធសាធ និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែងក្នុងទីផ្សារក្នុងតំបន់ និងអាចចូលទីផ្សារអន្តរជាតិ ដើម្បីយកឈ្នះប្រទេសជិតខាងបានទៀតផង។

នៅកម្ពុជា មានផ្ទៃដីដាំដុះប្រមាណ ៤.៥លានហិកតា ដែលត្រូវការជី ៧០ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយជីកសិកម្ម ដែលកំពុងចរាចរលើទីផ្សារសព្វថ្ងៃ គឺភាគច្រើននាំចូលពីក្រៅប្រទេស។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Bayon Heritage មានភាគហ៊ុន ៦០ភាគរយ ខណៈភាគីជប៉ុនមានភាគហ៊ុន ៤០ភាគរយ ក្នុងការបង្កើតរោងចក្រនេះ៕

15129021_177372659393048_9029310836734294591_o

មតិយោបល់