ព័ត៌មានសេដ្ឋកិច្ច

សាលាបង្រៀនដីធ្លី ដំបូងបង្អស់នៅកម្ពុជា នឹងលេចរូបរាងឡើងនៅដើមឆ្នាំ ២០១៨

សាលាបង្រៀនដីធ្លី ដំបូងបង្អស់នៅកម្ពុជា នឹងបង្ហាញវត្តមាន នៅដើមឆ្នាំ ២០១៨ ខាងមុខនេះ បន្ទាប់ពី សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចុះ MOU ជាផ្លូវការរួចហើយ ជាមួយសកលវិទ្យាល័យ University of Technology Malaysia (UTM) ។ នេះបើយោងតាម លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យ Post Business ដឹងនៅក្នុងវេទិកាវាយតម្លៃអចលនទ្រព្យនៅកម្ពុជា ធ្វើឡើងកាលពីម្សិលមិញនេះ។

លោក គីម ហ៊ាង បន្តថា ចំពោះកម្មវិធីសិក្សារបស់សាលានេះ នឹងចំរាញ់ចេញពីកម្មវិធីសិក្សារបស់ សាលានៅក្រុងប្រទេសអាស៊ានចំនួន ៣ (ថៃ ម៉ាឡេស៊ី សិង្ហបុរី) និងដាក់បញ្ចូលគ្នា។

សាលាដីធ្លីនេះ នឹងបង្កើតឡើងដោយការចូលហ៊ុនគ្នា នៃសមាជិករបស់ CVEA ទាំង ១០២ក្រុមហ៊ុន សុទ្ធតែមានសិទ្ធចូលហ៊ុនស្មើៗគ្នា។

លោក ធ្លាប់បានឲ្យដឹងកាលពីពេលថ្មីៗនេះដែរថា ការបើកសាលាដីធ្លីនេះ គឺដើម្បីបង្រៀនកូនខ្មែរ ឲ្យស្គាល់ពីការរកស៊ីដីធ្លី ក្លាយជាបណ្តុំធនធានមនុស្ស ដែលអាចជួយ កម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

អ្វីដែលលោក ចង់សង្កត់ធ្ងន់គឺ ចង់ឲ្យមានការចែករំលែកបទពិសោធន៍ និងបង្រៀនគ្នាទៅវិញទៅមក រវាងអ្នកមានចំណេះដឹងនៅក្នុងវិស័យអចលនទ្រព្យនេះ ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជា ជំនាញ ឲ្យកាន់តែច្បាស់លាស់ និងល្អប្រសើរ។

គួរជម្រាបដែរថា សកលវិទ្យាល័យ UTM មានអាយុកាលជាង ១០០ឆ្នាំហើយ នឹងមានបទពិសោធន៍ខាងអចលនទ្រព្យជាង ៣០ឆ្នាំផងដែរ៕

មតិយោបល់