ព័ត៌មានសេដ្ឋកិច្ច

ពហុកីឡាដ្ឋានមរតកតេជោ នឹងចំណាយ ១៥៧លានដុល្លារ ក្រោមជំនួយឥតសំណងពីចិន

សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឥតសំណងប្រមាណ ១៥៧លានដុល្លារអាមេរិក ដើម្បីសាងសង់ពហុកីឡាដ្ឋានមរតកតេជោ សម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ ២០២៣ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងកាលពីព្រឹកមិញនេះ។

ពហុកីឡាដ្ឋាននេះ ចាប់ផ្តើមការដ្ឋានសាងសង់តាំងពីឆ្នាំ ២០១៣ និងបែងចែកជា ៣ដំណាក់កាល ហើយគ្រោងនឹងចំណាយពេលប្រមាណ ៧ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ជាស្ថាពរ។

នៅក្នុងបរិវេណពហុកីឡាដ្ឋាននេះ មានកន្លែងស្នាក់នៅរបស់កីឡាករ ទីលានបាល់ទាត់ ទីលានអត្តពលកម្ម សាលបាល់បោះ សាលបាល់ទះ សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម។

លើសពីនេះទៅទៀត ពហុកីឡាដ្ឋានមរតកតេជោ ក៏មានទីធ្លាសម្រាប់កម្មវិធីជាតិដូចជា ការតាំងពិព័រណ៍ផ្សេងៗ ការប្រគុំតន្រ្តី ការិយាល័យ ហើយហ៊ុំព័ទ្ធដោយអគារស្នាក់នៅ អាហារដ្ឋាន សណ្ឋាគារខ្នាតយក្ស សួនទឹកកំសាន្ត។

គួរបញ្ជាក់ដែរថា គម្រោងនេះ​ ស្ថិតនៅតំបន់ព្រែកក្តាម ក្បែរស្ពានលីយ៉ុងផាត់ កំពុងសាងសង់នៅលើផ្ទៃដីជាង ៨៥ហិកតា ហើយអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៧ម៉ឺននាក់៕

មតិយោបល់