ព័ត៌មានសេដ្ឋកិច្ច

វិជ្ជាជីវៈផ្នែកធនធានមនុស្ស ចាំបាច់ត្រូវដើរឲ្យទាន់ និងស្របតាមសម័យឌីជីថល

សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានរៀបចំសន្និសីទធនធានមនុស្សកម្ពុជាលើកទី ៤៧ លើប្រធានទាក់ទងនឹង ការជម្រុញ វិជ្ជាជីវៈផ្នែកធនធានមនុស្ស ឲ្យដើរទាន់ និងស្របតាមសម័យឌីជីថល នឹងកាន់តែមានប្រសិទ្ធភាព។

លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងថា វិជ្ជាជីវៈផ្នែកធនធានមនុស្ស គឺសំខាន់ណាស់ ព្រោះវាជាគន្លឹះនៃ ការតភ្ជាប់ កម្មករនិយោជិត ទៅនឹងអាជីវកម្មដែលប្រើប្រាស់កម្លាំងទាំងអស់នោះ។

លើសពីនេះទៅទៀត វិជ្ជាជីវៈផ្នែកធនធានមនុស្ស គឺមានក្នុងគ្រប់វិស័យការងារ ហើយអ្នកគ្រប់គ្រង និងអ្នកជំនាញ មានតួនាទីថែទាំ បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព របស់កម្មករនិយោជិត ព្រមទាំងផ្លាស់ប្តូរលក្ខណៈ និងឥរិយាបទរបស់ខ្លួន ដើម្បីឆ្លើយតបបានឆាប់រហ័ស ទៅនឹងតម្រូវការដែលទើបលេចឡើងថ្មីៗ។

លោក បញ្ជាក់ថា អ្នកដឹកនាំ និងអ្នកវិជ្ជាជីវៈផ្នែកធនធានមនុស្សទាំងអស់នៅកម្ពុជា ត្រូវការអភិវឌ្ឍន៍ជំនាញ និងសមត្ថភាពរបស់ខ្លួន ជាចាំបាច់ ក្នុងការទាញយកអនុភាពបច្ចេកវិទ្យា មកប្រើប្រាស់ក្នុងកិច្ចការធនធានមនុស្សរបស់ខ្លួន រួមទាំង ជំនាញប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យាវិភាគទិន្នន័យ ដើម្បី សម្រេចចិត្ត និងរៀបចំយុទ្ធសាស្រ្តនានា ជាពិសេស ការបណ្តុះបណ្តាលបុគ្គលិក តាម E-Learning ជាដើម។

លោក ពន្យល់ដែរថា អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស មិនមែនធ្វើតែការងារ រើសបុគ្គលិក និងបើកប្រាក់ខែនោះទេ គឺត្រូវចេះបណ្តុះបណ្តាលបុគ្គលិក ពង្រឹងសមត្ថភាពរបស់បុគ្គលិក ចេះលើកទឹកចិត្ត និងជម្រុញឲ្យ បុគ្គលិកធ្វើការកាន់តែប្រសើរ ជាពិសេសគឺ ចេះប្រើប្រាស់នូវ បច្ចេកវិទ្យា ដើម្បីគ្រប់គ្រងបុគ្គលិក ឲ្យធ្វើការកាន់តែប្រសិទ្ធភាព ដែលចូលរួមចំណែកជួយដល់សេដ្ឋកិច្ចក្រុមហ៊ុន និងសេដ្ឋកិច្ចជាតិផងដែរ។

លោក តេ ស៊ីង អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា តាមការស្រាវជ្រាវនៅបណ្តាប្រទេសជឿនលឿន ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងផ្នែកគ្រប់គ្រងធនធានមនុស្ស បានជួយបង្កើនប្រាក់ចំណូលដោយផ្ទាល់ និងប្រយោល រហូតដល់ទៅ ៣៥ភាគរយ ហើយកម្ពុជា កំពុងដើរនៅលើផ្លូវត្រូវ និងមានឱកាសជាច្រើន ដើម្បីអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់លើ វិស័យនេះ។

គួរជម្រាបដែរថា សមាគម CAMFEBA បានចូលរួមចងក្រង បុគ្គលិកផ្នែកធនធានមនុស្សជាបណ្តាញ មកពី ក្រុមហ៊ុនផ្សេងៗ មិនក្រោម ៥០០នាក់នោះទេ ហើយចូលរួមចំណែកជួយអភិវឌ្ឍន៍លើ វិស័យធនធានមនុស្សនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងផ្សារភ្ជាប់ទំនាក់ទំនងជាច្រើន កន្លងមក៕

មតិយោបល់