ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ត្រូវការ ៥ពាន់លានដុល្លារ ដើម្បីវិនិយោគសាធារណៈ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ

ប្រទេសកម្ពុជា ត្រូវការទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគសាធារណៈ ក្នុងរយៈពេល ៣ឆ្នាំក្រោយ ដោយអនុវត្តគម្រោងចំនួន ៥៨៦។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី។

បច្ចុប្បន្ន មាន ១៦៦គម្រោង កំពុងត្រូវបានអនុវត្ត ត្រូវការទឹកប្រាក់ ២.៥ពាន់លានដុល្លារ ខណៈ ៤២០គម្រោង នឹងត្រូវបានអនុវត្ត ត្រូវការទឹកប្រាក់ ២.៨ពាន់លានដុល្លារអាមេរិក។

រដ្ឋាភិបាលកម្ពុជា នឹងរួមចំណែកប្រមាណ ៥៣៧លានដុល្លារអាមេរិក ដៃគូវិនិយោគរួមចំណែក ២.៩ពាន់លានដុល្លារ ហើយកម្ពុជា ត្រូវការ ១.៩ពាន់លានដុល្លារបន្ថែមទៀត។

យោងតាមប្រភពដដែល បានឲ្យដឹងថា ៤៤ភាគរយនៃគម្រោងវិនិយោគ ផ្តោតទៅលើ វិស័យសេដ្ឋកិច្ច ២៦.៩ភាគរយលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ១៥.៣ភាគរយលើវិស័យសង្គមកិច្ច និង ១៣.៨ភាគរយលើវិស័យសេវាកម្ម។

គួរជម្រាបដែរថា កម្ពុជា ត្រូវការទឹកប្រាក់ប្រមាណ ១២ ទៅ ១៣ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថវិកាសម្រាប់គម្រោងវិនិយោគសាធារណៈ គឺពឹងផ្នែកលើហិរញ្ញវត្ថុបរទេសជាច្រើនឆ្នាំមកហើយ តែយ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ថវិកា ១ភាគ៣ គឺបានមកពី រាជរដ្ឋាភិបាលកម្ពុជា និង ២ភាគ៣ បានមកពីបរទេស (៨៥ភាគរយ ជាកម្ចី និង ១៥ ជាជំនួយ)៕

មតិយោបល់