ប្រាក់បៀវត្សរ៍ក្រោម ១.២លានរៀល នឹងមិនមានកាតព្វកិច្ចបង់ពន្ធទៀតទេ នៅឆ្នាំ ២០១៨ ពោលគឺ ប្រាក់បៀវត្សរ៍ប្រចាំខែ ចាប់ពី ១.២លាន ១រៀលទើបជាប់ពន្ធ។ នេះបើយោងតាមការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រាក់បៀវត្សរ៍ចាប់ពី ១.២លានរៀលឡើងទៅទើបជាប់ពន្ធ មានន័យថា មិនយក ១.២លានរៀល មកបូកទាំងអស់នោះទេ ឧទាហរណ៍ប្រាក់បៀវត្សរ៍ ១លាន ៤សែនរៀល គឺយកតែ ២សែនរៀលប៉ុណ្ណោះ មកគិតជាប៉ុន្មានភាគរយដែលត្រូវបង់ ដែលនេះគឺប្រាក់ចំណូលមួយដែរ។
កាលពីឆ្នាំ ២០១៥ ពន្ធលើប្រាក់បៀវត្សរ៍ ត្រូវបានបង្កើនពី ៥សែន ដល់ ៨សែនរៀល នៅឆ្នាំ ២០១៦ ខណៈនៅឆ្នាំ ២០១៧ នឹងរំកិលទៅ ១លានរៀល ហើយសម្រាប់ឆ្នាំ ២០១៨នេះ នឹងរំកិលទៅ ១.២លានរៀល ដែលនឹងដាក់ស្នើក្នុង ច្បាប់ស្តីពីហិរញ្ញវត្ថុ ដែលនឹងដាក់ឆ្លងគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ២៧ ខាងមុខនេះ។
គួរបញ្ជាក់ថា ការកែប្រែនេះគឺ ក្នុងគោលបំណងសម្រួលទុក្ខលំបាកដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូបង្រៀន គ្រូពេទ្យ ព្រមទាំងកម្មករ កម្មការិនី និងបុគ្គលិកជាទូទៅ៕
មតិយោបល់