ភ្នំពេញៈ ស្តង់ពិព័រណ៌របស់ខ្មែរ ចំនួន៤០ស្តង់ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងការតាំងពិព័រណ៌ពាណិជ្ជកម្មចំនួន២ នៅទីក្រុងគុនមិញ ខេត្តយូណាន់ ប្រទេសចិន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា-ចិន ឲ្យបានច្រើនឡើងថែមទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងឱកាសតាំងពិព័រណ៌នេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងឡើងថ្លែងសុន្ទរកថានៅក្នុងការតាំងពិព័រណ៌ពាណិជ្ជកម្មទាំងពីរ តបតាមការអញ្ជើញរបស់លោក ចិន ហាវ អភិបាលខេត្តយូណាន់ នៃសាធារណរដ្ឋប្រជាមានិតុចិន។
ក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងជួបពិភាក្សាការងារជាមួយលោក វ៉ាង យ៉ាង ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតុចិន ដើម្បីផ្លាស់ប្ដូរទស្សនៈគ្នា អំពីកិច្ចសហប្រតិបត្តិការគ្រប់វិស័យកម្ពុជា-ចិន។
លោក ហោ ណាំហុង ក៏នឹងដឹកនាំគណៈប្រតិភូទៅទស្សនាស្ដង់ពិព័រណ៌ខ្មែរ ចំនួន៤០ ដែលមានដាក់តាំងមុខទំនិញផ្សេងៗរបស់កម្ពុជា នៅក្នុងពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូង លើកទី៤ (The 4th China-South Asia Exposition) និងការតាំងពិព័រណ៌ពាណិជ្ជកម្មមុខទំនិញនាំចេញ-នាំចូលរបស់ចិន-គុនមិញ លើកទី២៤ (The 24th China Kunming Import-Export Commodities Fair)៕
មតិយោបល់