ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

ប្រាក់យន់ចិន មិនអាចចរាចរបានទូលាយនៅកម្ពុជា ដូចប្រាក់ដុល្លារអាមេរិក

ភ្នំពេញ: នៅពេលខាងមុខនេះ គេមើលឃើញថា ”ប្រាក់យន់ (Yuan) របស់ចិន នឹងអាចធ្វើចរាចរបានកាន់តែទូលំទូលាយជាងមុននៅក្នុងប្រទេសកម្ពុជា ឬអាចនឹងប្រហាក់ប្រហែលជាមួយនឹងប្រាក់ដុល្លារអាមេរិក ដែលកំពុងតែពេញនិយមនៅកម្ពុជា។

រដ្ឋមន្រ្តីទេសចរណ៍ លោក ថោង ខុន ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាល បាន និងកំពុងធ្វើយុទ្ធនាការ និងផែនការជាមូលដ្ឋានក្នុងការតម្រង់ទិសរៀបចំកែសម្រួលធុរកិច្ចផ្នែកឯកជន និងកែទម្រង់ឧស្សាហកម្មទេសចរណ៍កម្ពុជា ឲ្យមានលក្ខណ:គ្រប់គ្រាន់ សម្រាប់ការទាក់ទាញ និងទទួលភ្ញៀវទេសចរចិន ពិសេសការសម្របសម្រួលមធ្យោបាយទូទាត់ប្រាក់ Yuan ចិន សម្រាប់ប្រតិបត្តិការទូទាត់នានានៅក្នុងឧស្សាហកម្មទេសចរណ៍។

ការសម្របសម្រួលមធ្យោបាយទូទាត់ប្រាក់ Yuan ចិន នៅលើទីផ្សារកម្ពុជា គឺជាសេចក្តីត្រូវការចាំបាច់របស់ភាគីកម្ពុជា និងចិន ព្រោះចិន ជាប្រទេសដែលមានអ្នកវិនិយោគច្រើនជាងគេនៅកម្ពុជា ហើយចំនួនទេសចរណ៍ចិន មកទស្សនាកម្ពុជា ក៏ឈរនៅលំដាប់លេខ២ បន្ទាប់ពីទេសចរវៀតណាម និងក្នុងចំណោមប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍។ ប្រទេសចិន នឹងក្លាយជាប្រទេសដែលមានទេសចរចេញក្រៅច្រើនជាងគេនៅលើពិភពលោក ប្រមាណ២០០លាននាក់ ឬច្រើនជាងនេះ នៅឆ្នាំ២០២០ ហើយចំណាយរបស់ទេសចរចិន នឹងកើនដល់៤២០ប៊ីលានដុល្លារអាមេរិក ដែលកម្ពុជា ត្រៀមខ្លួនក្នុងការទទួលនូវលំហូរទេសចរ និងធុរកិច្ចចិន។

អ្នកធុរកិច្ចចិន ដែលបានបណ្តាក់ទុនពាន់លានដុល្លារនៅកម្ពុជា ធ្លាប់បានស្នើឲ្យមន្រ្តីរដ្ឋាភិបាលកម្ពុជា ជួយជម្រុញឲ្យប្រាក់យន់ចិន ធ្វើចរាចរឲ្យបានទូលំទូលាយ ដូចគ្នានឹងប្រាក់ដុល្លារអាមេរិកផងដែរ។ នៅពេលនេះ យុទ្ធសាស្រ្តសំខាន់ៗ៤ចំណុច ដែលបានដាក់ចេញនឹងតម្រង់ទិសរបស់កម្ពុជា ពិតជាស្របទៅនឹងបរិបថដែលប្រទេសទាំង២ចង់បាន និងត្រូវការចាំបាច់៕

មតិយោបល់