ព័ត៌មានសេដ្ឋកិច្ច

សុខា ផ្លាហ្សា នឹងក្លាយជា មជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេ នៅខេត្តសៀមរាប

ក្រុមហ៊ុន សុខា អូតែល គ្រោងនឹងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម ដំបូងគេបង្អស់ និងធំជាងគេបង្អស់ នៅខេត្តសៀមរាប ដែលគម្រោងនេះមានឈ្មោះថា សុខា ផ្លាហ្សា។

មជ្ឈមណ្ឌលពាណិជ្ជកម្ម សុខា ផ្លាហ្សា នឹងអភិវឌ្ឍលើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅជាប់នឹង សណ្ឋាគារ សុខា សៀមរាប តាមបណ្តោយផ្លូវ ៦០ម៉ែត្រ។

នៅក្នុងគម្រោងនេះ រួមមានទីកន្លែងលក់អាហារបែបអន្តរជាតិ កន្លែងលក់ទំនិញ អគារលក់ទំនិញមិនជាប់ពន្ធ រោងកុន សួនច្បារ កន្លែងអង្គុយកម្សាន្តជាប់មាត់ទឹក។ល។

គួររម្លឹកថា សណ្ឋាគារ និងរមណីយដ្ឋាន សុខា សៀមរាប បានប្រកាសបើកដំណើរការជាផ្លូវការ កាលពីដើមខែតុលានេះ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សណ្ឋាគារ សុខា សៀមរាបនេះ ជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលមាន ១២៣៦បន្ទប់ មានបុគ្គលិកចំនួន ៦២៨នាក់ និងមានភោជនីយដ្ឋានក្នុងសណ្ឋាគារចំនួន ២។

ក្រៅពីនេះ សណ្ឋាគារលំដាប់ផ្កាយ ៥ នេះ ក៏មានសាលសន្និសីទដ៏ធំ ទំហំ ៩ពាន់ម៉ែត្រការ៉េ ដែលអាចផ្ទុកចំណុះជាង ៣០០០នាក់។

សណ្ឋាគារ និងរមណីយដ្ឋាន សុខា សៀមរាប នឹងជួយបំពេញតម្រូវការទីផ្សារភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅ តំបន់ប្រវត្តិសាស្រ្តដ៏ល្បីបំផុតរបស់ ប្រទេសកម្ពុជា៕

មតិយោបល់