ព័ត៌មានសេដ្ឋកិច្ច

ក្នុងខែមករា ផលិតផលម្ហូបអាហារខូចគុណភាពនិងដាក់សារធាតុគីមី ២.៥តោន ត្រូវបានរឹបអូស

ក្នុងខែមករា ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានរឹបអូសផលិតផលម្ហូបអាហារខូចគុណភាព និងមានដាក់សារធាតុគីមីទាំងការនាំចូលតាមច្រកព្រំដែន និងការចុះត្រួតពិនិត្យនៅលើទីផ្សារទូទាំងប្រទេស ចំនួន ២.៥តោន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

អគ្គនាយកដ្ឋានកាំកុងត្រូល បានប្រកាសចាត់វិធានការ លុបបំបាត់ឲ្យបានចំពោះម្ហូបអាហារ និងផលិតផលខូចគុណភាព​ ដែលបន្តដាក់លក់នៅលើទីផ្សារ ជាពិសេសកែសម្រួលឡើងវិញនូវបែបបទ នៃការផលិតទំនិញ ម្ហូបអាហារ នៅតាមកន្លែងសិប្បកម្មផលិតតែម្តង។

ចំពោះការនំាចូលផលិតផលម្ហូបអាហារ បន្លែ ផ្លែឈើ មកពីប្រទេសជិតខាង មន្រ្តីកាំកុងត្រូល បានដាក់ឈរជើងនៅគ្រប់ច្រកតាមព្រំដែន ហើយបានត្រួតពិនិត្យមុននឹងអនុញ្ញាតនាំចូលមកលក់នៅក្នុងប្រទេស។

គួរបញ្ជាក់ដែរថា ផលិតផលតៅហ៊ូតៃវ៉ាន់ មានផ្ទុកបាក់តេរី Bacilus Cereus ដែលបង្កជាជម្ងឺក្អួត រាគ ហើយមន្រ្តី កាំកុងត្រូល បាននិងកំពុងបន្តត្រួតពិនិត្យ ដើម្បីដកហូតផលិតផលនេះ ចេញពីទីផ្សារផងដែរ៕

មតិយោបល់