ព័ត៌មានសេដ្ឋកិច្ច

ត្រីមាសទី ៣ ព្រលានយន្តហោះទាំង ៣ នៅកម្ពុជា ទទួលអ្នកដំណើរ ៦.៣លាននាក់

ព្រលានយន្តហោះធំៗទាំង ៣ របស់កម្ពុជា បានទទួលអ្នកដំណើរជាង ៦.៣លាននាក់ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៧នេះ ដែលកើនឡើងប្រមាណ ២៥ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ ដកស្រង់ចេញពីរបាយការណ៍របស់ Vinci Airports

ក្នុងចំនួននេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានកំណើនអ្នកដំណើរ ២៤ភាគរយ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានកំណើនអ្នកដំណើរជាង ២១ភាគរយ និង អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ក៏ទទួលបានកំណើនអ្នកដំណើរ ១៦ភាគរយ។

លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន Cambodia Airports បានឲ្យដឹងថា ការកើនឡើងនៃចំនួនអ្នកដំណើរនេះ បានមកពីកត្តារួមផ្សំគ្នារវាង ស្ថានភាពសេដ្ឋកិច្ច និងកំណើនអ្នកដំណើរដ៏រឹងមាំរបស់កម្ពុជា។

ក្រៅពីនេះ ក៏មាន ការបើកជើងហោះហើរថ្មីៗបន្ថែមពី ប្រទេសផ្សេងៗមកកាន់កម្ពុជា ការធ្វើដំណើរតាមផ្លូវអាកាសរបស់ពិភពលោក នៅតែបន្តបង្ហាញសញ្ញាណវិជ្ជមាន។

គួរជម្រាបដែរថា Vinci Airports ជាក្រុមហ៊ុនមេរបស់ Cambodia Airports ដែលកំពុងប្រតិបត្តិការនៅព្រលានយន្តហោះអន្តរជាតិទាំង​ ៣ របស់កម្ពុជា ហើយក៏កំពុងវិនិយោគ ១០០លានដុល្លារបន្ថែម ក្នុងការបង្កើនសមត្ថភាពព្រលានយន្តហោះភ្នំពេញ និងសៀមរាប ដើម្បីទទួលអ្នកដំណើរសរុប ១០លាននាក់ ក្នុងមួយឆ្នាំ៕

មតិយោបល់