ព័ត៌មានសេដ្ឋកិច្ច

ឋានសួគ៌សុបិន្តរាម គម្រោងអភិវឌ្ឍន៍ថ្មី ទំហំ ២ពាន់ហិកតា លើទឹកដីក្រុងព្រះសីហនុ

ឋានសួគ៌សុបិន្តរាម នឹងក្លាយជាតំបន់ដ៏ទាក់ទាញបំផុត ដែលគ្រោងនឹងអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២,៣៧៧ហិកតា នៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីលោកសាស្រ្តាចារ្យ ទូស សាភឿន អគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជា។

គម្រោងនេះកំពុងស្ថិតក្រោមការសិក្សាជាមួយមន្រ្តីបច្ចេកទេសក្រសួងពាក់ព័ន្ធ ហើយនឹងអភិវឌ្ឍន៍ជា ១០គម្រោងធំៗ រួមមាន លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អាផាតមិន កាស៊ីណូ សណ្ឋាគារ ផ្សារទំនើប មន្ទីរពេទ្យ សាលារៀន និងជាពិសេស ភូមិព្រៃកោងកាង។

បច្ចុប្បន្ន មន្រ្តីជំនាញ និងក្រុមការងារបច្ចេកទេស បាននិងកំពុងចុះសិក្សាពីផលប៉ះពាល់ដល់ប្រជាជនក្នុងតំបន់គម្រោង និងវាយតម្លៃផលប៉ះពាល់បរិស្ថាន ក្រោយពីបានសិក្សាទីតាំងភូមិសាស្រ្ត សម្រាប់បង្កើតប្លង់មេអភិវឌ្ឍន៍នេះ។

គួរបញ្ជាក់ដែរថា នាពេលដ៏ខ្លីខាងមុខនេះ ក្រុងព្រះសីហនុ នឹងក្លាយជាទឹកដី ដែលមានការនិយមចូលចិត្តរស់នៅជាងគេបំផុត បន្ទាប់ពីខេត្តសៀមរាប ដែលនឹងទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ ឲ្យមកស្នាក់នៅ និងកម្សាន្តមិនចេះជិនណាយ៕

មតិយោបល់