ព័ត៌មានសេដ្ឋកិច្ច

ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ ២០១៧

ភ្នំពេញៈ ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ ២០១៧នេះ ខណៈបច្ចុប្បន្នបើកឲ្យក្រុមហ៊ុននានា ដាក់ពាក្យស្នើសុំសម្រាប់ប្រតិបត្តិការជើងហោះហើរនេះ។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នារវាងកម្ពុជា នឹងឥណ្ឌា សម្រាប់ជើងហោះហើរត្រង់ មានតាំងពីឆ្នាំ ២០០២ មកម្ល៉េះ ដែលផ្តល់ភាពងាយស្រួលក្រុមហ៊ុន ក្នុងការដាក់ពាក្យស្នើសុំប្រតិបត្តិការ ជើងហោះហើរនេះ។

លោក Naveen Srivastrava អគ្គរាជទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានលើកឡើងនៅក្នុង វេទិកាផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍ឥណ្ឌា កាលពីពេលថ្មីៗនេះដែរថា ជើងហោះហើរត្រង់នេះ នឹងជម្រុញកំណើនទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយលោកសង្ឃឹមដែរថា ជើងហោះហើរនេះ នឹងអាចចាប់ផ្តើមនៅឆ្នាំ ២០១៧នេះ។

ជើងហោះហើរនេះ នឹងប្រតិបត្តិការរវាង ក្រុងភ្នំពេញ/សៀមរាប នឹង NewDelhi/ទីក្រុងមួយចំនួនទៀតនៃប្រទេសឥណ្ឌា ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប អាចជាគោលដៅចំបងមុនគេ ក្នុងការចាប់ផ្តើមប្រតិបត្តិការជើងហោះហើរនេះ ដោយសារភ្ញៀវទេសចរណ៍ឥណ្ឌាភាគច្រើន ចាប់អារម្មណ៍លើសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា។
គួរជម្រាបផងដែរថា ភ្ញៀវទេសចរណ៍ឥណ្ឌា ដែលបានចូលមកទស្សនាប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៥ មានចំនួនប្រមាណ ៣ម៉ឺន៦ពាន់នាក់ ខណៈ ៧ខែដើមឆ្នាំនេះ មានចំនួនប្រមាណ ២ម៉ឺន៤ពាន់នាក់៕

cambodia-air

មតិយោបល់