រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពី ទីក្រុងសម្ព័ន្ធភាព (Sisters City) ជាមួយ រដ្ឋបាលខេត្តស៊ីឈាន់ ប្រទេសចិន នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងទេសចរណ៍ នៅថ្ងៃនេះ។
ដំណឹងដ៏ពិសេសនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Yu Wei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទីក្រុងឈិនទូ និងជាប្រធានគណៈប្រតិភូទីក្រុងឈិនទូ នៅទីស្តីការក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំពឹងថា កិច្ចសហប្រតិបត្តិការនេះ ជាការនាំទៅដល់ការសម្រេចគោលដៅ «កម្ពុជា ទទួលបានទេសចរចិន ២លាននាក់ នៅឆ្នាំ ២០២០» ហើយនឹងជួយពង្រឹងទាំងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ផងដែរ។
ភាគីចិនបានបង្ហាញចំណាប់អារម្មណ៍ និងកោតសរសើរកម្ពុជា ចំពោះការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជារួម និងដោយឡែកសក្តានុពលទេសចរណ៍វប្បធម៌ប្រវត្តសាស្រ្ត និងសក្តានុពលទេសចរណ៍ធម្មជាតិ ប្រកបដោយភាពទាក់ទាញ ពិសេសអ្វីដែលកម្ពុជាខិតខំធ្វើសព្វថ្ងៃ ក្នុងការត្រៀមទទួលទេសចរចិននៅប៉ូលទេសចរណ៍ធំៗទាំង៤ ក៏ដូចជានៅតំបន់ឆ្នេរសមុទ្រ។
ដោយមើលឃើញពី សក្តានុពលដ៏ធំរបស់ខេត្តស៊ីឈាន់ និងបទពិសោធន៍ ក្នុងការរៀបចំផែនការគ្រប់គ្រងច្បាស់លាស់ នៅគ្រប់ខេត្តទាំងអស់នៅចិនជារួម និងដោយឡែកនៅខេត្តស៊ីឈាន់ ភាគីទាំង ២ ក៏បានបង្ហាញគោលជំហរក្នុងការសហការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរទេសចរ និងទាក់ទាញវិនិយោគិនចិនពីខេត្តស៊ីឈាន់ មកវិនិយោគនៅក្នុងប៉ូលទេសចរណ៍ធំៗ នៅទីក្រុងភ្នំពេញ តំបន់សៀមរាប-អង្គរ និងតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសការហោះហើរត្រង់រវាងទីក្រុងឈិនទូ ខេត្តព្រះសីហនុ។
គួរកត់សម្គាល់ថា កន្លងមក ទីក្រុងឈិនទូ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ទីក្រុងសម្ព័ន្ធភាព (Sisters City) ជាមួយរាជធានីភ្នំពេញផងដែរ៕
មតិយោបល់