ព័ត៌មានសេដ្ឋកិច្ច

ចិន ចំណាយទុនវិនិយោគ ៣៥ពាន់លានដុល្លារ សាងសង់ទីក្រុងអេហ្ស៊ីបថ្មី

ក្រុមហ៊ុនចិន China Fortune Land Development (CFLD) បានយល់ព្រមផ្តល់ទឹកប្រាក់ ២០ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ទីក្រុងថ្មីរបស់ ប្រទេសអេហ្ស៊ីប ហើយមានក្រុមហ៊ុនចិនមួយទៀត ដែលកាន់កាប់ដោយរដ្ឋ ក៏បានបោះទុន ១៥ពាន់លានដុល្លារអាមេរិកផងដែរ ទៅក្នុងគម្រោងនេះ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ CNN ចេញផ្សាយកាលពីពេលថ្មីៗនេះ។

នៅក្នុងសំណើ គម្រោងនេះនឹងមានលទ្ធភាពទទួលមនុស្សស្នាក់នៅបាន ៥លាននាក់ មានតំបន់ឧស្សាហកម្មពិសេស ភូមិទំនើបជាច្រើន មជ្ឈមណ្ឌលពិព័រណ៍ ដែលមានកៅអី ៥ពាន់កៅអី និងសួនកម្សាន្តដ៏ធំជាងគេទូទាំងពិភពលោក។

គម្រោងសាងសង់ទីក្រុងថ្មីដ៏មហិមា សម្រាប់អេហ្ស៊ីប ជិតក្លាយជាការពិតហើយ បន្ទាប់ពីប្រធានក្រុមហ៊ុន CFLD បានជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi។

គម្រោងសាងសង់នេះ ត្រូវបានប្រកាសតាំងពីខែមីនា ឆ្នាំ ២០១៥ ហើយសម្រាប់ដំណាក់កាលដំបូង ត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៤៥ពាន់លានដុល្លារអាមេរិក ដែលគ្រោងបញ្ចប់ក្នុងរយ:ពេល ៥ឆ្នាំ និងអនុញ្ញាតិឲ្យប្រជាពលរដ្ឋ អាចចូលស្នាក់នៅបាន។

រដ្ឋាភិបាលប្រទេសអេហ្ស៊ីប បានបកស្រាយថា គម្រោងនេះ នឹងជួយដោះស្រាយបញ្ហាទីក្រុងចង្អៀត បរិស្ថានកង្វក់ និងតម្លៃផ្ទះឡើងថ្លៃ ក្នុងទីក្រុង Cairo ដោយគម្រោងនេះ នឹងបង្កើតកន្លែងថ្មីជាច្រើន សម្រាប់រស់នៅ ធ្វើការ និងកម្សាន្តផងដែរ៕

egypt-capital 150314051846-egypt-new-capital-super-169

មតិយោបល់