ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន គ្រោងនឹងបើកស្ថានកុងស៊ុល ប្រចាំនៅខេត្តសៀមរាប

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា នៅក្នុងខែ មករា ឆ្នាំ ២០១៨ខាងមុខនេះ ជប៉ុន គ្រោងនឹងបើកស្ថានកុងស៊ុលរបស់ខ្លួន ប្រចាំនៅខេត្តសៀមរាប សំដៅពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន។

លោក ថោង ខុន បានបន្តថា ជប៉ុន ជាដៃគូវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា ខណៈនៅក្នុងឆ្នាំ ២០១៦កន្លងមក វិនិយោគទុនជប៉ុននៅកម្ពុជា បានកើនឡើងដល់ចំនួនជាង ៨០០លានដុល្លារអាមេរិក។

វិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិត្រូវបាន រាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» ហើយបាននឹងកំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំរួមចំណែក​ ប្រមាណ១២% នៃផលិតផលក្នុងស្រុក សរុប និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។

នៅឆ្នាំ ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរជប៉ុន មកកម្ពុជាមានចំនួនជាង ១៩ម៉ឺននាក់ និងមានទេសចរកម្ពុជាទៅកាន់ជប៉ុនប្រមាណ ១២០០០នាក់ផងដែរ។

សម្រាប់រយៈពេល ៩ខែដើម ឆ្នាំ ២០១៧នេះ យើងទទួលបានទេសចរអន្តរជាតិជាង ៣.៩លាននាក់ ក្នុងកំណើន ១១.៥% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ១៤ម៉ឺន ៦ពាន់នាក់ ក្នុងកំណើន ៦.៨% និង ចំនួនទេសចរកម្ពុជាទៅកាន់ជប៉ុនក៏មានការកើនឡើងផងដែរ។

តាមការព្យាករណ៍ កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ នៅឆ្នាំ២០១៧នេះ និងប្រមាណ៧លាននាក់ នៅឆ្នាំ ២០២០។

កំណើនដ៏ល្អនៃការមកដល់របស់ទេសចរអន្តរជាតិ ពិសេសកំណើននៃទេសចរជប៉ុនមកទស្សនាកម្ពុជា គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីការបង្កើនការតភ្ជាប់ និងការសម្រួលការធ្វើដំណើររវាងប្រទេសយើងទាំងពីរនោះទេ ហើយក៏អាស្រ័យលើការអនុវត្តគោលនយោបាយ បើកចំហជើងមេឃ របស់រាជរដ្ឋាភិបាលកម្ពុជា ការបើកច្រកព្រំដែនអន្តរជាតិ កាន់តែទូលំទូលាយជាមួយបណ្តាប្រទេសជិតខាង និងកិច្ចប្រឹងប្រែងរបស់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញ វិស័យទេសចរណ៍កម្ពុជា៕

មតិយោបល់