ព័ត៌មានសេដ្ឋកិច្ច

គម្រោងរថភ្លើងអាកាសដំបូងបង្អស់នៅកម្ពុជា កាន់តែខិតជិតមកដល់

បច្ចុប្បន្ន គម្រោងរថភ្លើងអាកាសដំបូងបង្អស់នៅកម្ពុជា កំពុងស្ថិតក្រោមការសិក្សារបស់អង្គការ JICA ដែលគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ ហើយតាមគោលដៅគ្រោងទុក កម្ពុជា នឹងមានប្រព័ន្ធរថភ្លើងអាកាសស្វ័យប្រវត្តិនេះ មុនឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបំពេញទស្សនកិច្ចនៅ ក្រុមហ៊ុនYokohama Seaside Line ដែលធ្វើប្រតិបត្តិការប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិ (AGT) នៅទីក្រុងតូក្យូ។

ក្រុមហ៊ុនបានចែករំលែកបទពិសោធន៍ នឹងបានឲ្យដឹងថា ប្រព័ន្ធ AGT នេះ គឺជារថភ្លើងធុនស្រាលមួយធ្វើចរាចរណ៍យ៉ាងស្ងាត់ ដោយប្រើសំបកកង់កៅស៊ូ កាត់បន្ថយសំឡេងរំខាន និងរំញ័រដែលមានល្បឿនអតិបរមាចំនួន ៦០គីឡូម៉ែត្រ។

អ្នកដំណើរប្រមាណជាង ៥០.០០០នាក់ កំពុងប្រើប្រាស់ប្រព័ន្ធរថភ្លើង AGT នេះ ដើម្បីធ្វើដំណើរជុំវិញទីក្រុង ហើយក្នុងពេលថ្មីៗនេះ មានប្រតិបត្តិករ AGT ចំនួនប្រាំបួន ដែលធ្វើប្រតិបត្តិការនៅប្រទេសក្នុងជប៉ុន។

កាលពីពេលថ្មីកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា គម្រោងរថភ្លើងអាកាស តម្លៃជាង ៨០០លានដុល្លារអាមេរិក ប្រវែង ១៨គីឡូម៉ែត្រ នឹងបើកចេញពី ផ្សារធំថ្មី ទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ​បានឯកភាពឲ្យមានការសិក្សាលើ គម្រោងរថភ្លើងធុនស្រាលលើអាកាសនៅកម្ពុជា ជាការឆ្លើយតបទៅនឹង ការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឲ្យភាគីជប៉ុន ជួយកសាងខ្សែរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសនៅកម្ពុជា។

បើយោងតាមផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង ឆ្នាំ ២០៣៥ គម្រោងខ្សែរថភ្លើងនេះ អាចនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២០ និងបញ្ចប់ក្នុងឆ្នាំ ២០២៣ ដោយគម្រោងដំបូងមានប្រវែង ១៨គីឡូម៉ែត្រ និងចំណាយប្រមាណ ៨០០លានដុល្លារអាមេរិក។

រថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស ជាមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏មានប្រសិទ្ធិភាព ដែលរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ហើយទីភ្នាក់ងារ JICA ក៏បានស្នើសុំសិក្សាបន្ថែមលើ ផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធ ដើម្បីដំណើរការក្នុងរាជធានីភ្នំពេញ។

តាមការឲ្យដឹងពីតំណាង JICA គឺពួកគេអាចចាប់ផ្តើមសិក្សាពីចំនុចមហាវិថីព្រះមុនីរ៉េត (ស្តាតអូឡាំពិក) ទៅកាន់ចោមចៅ (ព្រលានយន្តហោះអន្តរជាតិភ្នំពេញ)។

នៅពេលដែលគម្រោងនេះ សម្រេចបាន វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយពេលវេលាធ្វើដំណើរ ក៏ដូចជាការលើកស្ទួយដល់សេវាដឹកជញ្ជូន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

មតិយោបល់