ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងបើកជើងហោះហើរត្រង់មក ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីជម្រុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។
បន្ទាប់ពីជំនួបពិភាក្សាការងាររវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ភាគីឥណ្ឌូនេស៊ី បានបង្ហាញពីបំណងបើកជើងហោះហើរត្រង់ រវាងឥណ្ឌូនេស៊ី-កម្ពុជា ដោយសារលោកមើលឃើញ សក្តានុពលដ៏ធំធេង ដើម្បីជម្រុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។
លោក Pitono Purnomo បន្តថា យ៉ាងហោចណាស់មាន ភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៥ម៉ឺននាក់ មកកម្សាន្តនៅ កម្ពុជា ជារៀងរាល់ឆ្នាំ ខណៈភ្ញៀវទេសចរកម្ពុជា ទៅកម្សាន្តនៅឥណ្ឌូនេស៊ី មានប្រមាណ ៥ពាន់នាក់។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ថា នៅពេលដែលមានជើងហោះហើរត្រង់ពីរឥណ្ឌូណេស៊ី មកភ្នំពេញ និងជួយបង្កើនចំនួនភ្ញៀវទេសចរ ឥណ្ឌូណេស៊ីមកកម្ពុជាបន្ថែមទៀត ជាពិសេសទាក់ ទាញអ្នកវិនិយោគទុនមកកម្ពុជាកាន់តែច្រើនផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថានឹង យកផែនការនេះ ទៅរាយការណ៍ ជូនថ្នាក់ដឹកនាំប្រទេសឥណ្ឌូណេស៊ី ដើម្បីពន្លឿនការងារនេះ ឲ្យបានឆាប់នៅពេលខាងមុខ។
សូមរម្លឹកថា កន្លងមកកម្ពុជា និងឥណ្ឌូណេស៊ី ធ្លាប់បានចុះហត្ថលេខាជាមួយគ្នារួចមកហើយ លើគម្រោង បង្កើតឲ្យមានជើងហោះហើរ ដោយត្រង់ពីឥណ្ឌូណេស៊ី មកកម្ពុជា នឹងពីកម្ពុជាទៅឥណ្ឌូណេស៊ីប៉ុន្តែ ត្រូវពន្យារពេលវិញដោយសាតែចំនួនអ្នកទេសចរ នៃប្រទេសទាំងពីរនៅមាន កម្រិតតិចតួចធ្វើ ឲ្យក្រុមហ៊ុនអាកាសចរអាច ប្រឈមនឹងការខាតបង់៕
មតិយោបល់