ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា-មីយ៉ាន់ម៉ា នឹងជម្រុញឲ្យមានជើងហោះហើរត្រង់ និងលំហូរទេសចរណ៍រវាងគ្នា

កាលពីពេលថ្មីៗនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និង ឯកឧត្តម U Onh Maung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា បានពិភាក្សាជម្រុញការអនុវត្តអនុស្សរណៈយោគយល់គ្នា​ស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០១៧-២០២០ ដោយផ្តោតការពិភាក្សាស៊ីជម្រៅលើចំណុចសំខាន់ៗ ៤ រួមមាន៖ ការជម្រុញការតភ្ជាប់ (ការហោះហើរត្រង់) រវាងខេត្តសៀមរាប និងបាកាន ការផ្សព្វផ្សាយរួមគ្នា ការសម្រួលការធ្វើដំណើរ និងការបណ្តុះបណ្តាលធនធានមនុស្ស។

ក្រោយកិច្ចពិភាក្សា ភាគីកម្ពុជា និងមីយ៉ាន់ម៉ា បានឯកភាពគ្នាជម្រុញការបង្កើនជើងហោះហើរ ពីទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួមអេម៊ីរ៉ាត យ៉ាំងហ្គូន ភ្នំពេញ តាមរយៈក្រុមហ៊ុន Fly Emirates និងការជម្រុញការតភ្ជាប់ជើងហោះហើរ ពីទីក្រុងយ៉ាំងហ្គូន សៀមរាប អង្គរ រវាងក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា និងអាកាសចរណ៍កម្ពុជា Cambodia Angkor Air ដែលក្រុមហ៊ុនទាំងពីរនឹងបន្តពិភាក្សាការងារបច្ចេកទេសដើម្បីជម្រុញការហោះហើរត្រង់ឲ្យបានឆាប់។

លើសពីនេះក៏មាន ជម្រុញការផ្សព្វផ្សាយរួមគ្នា ដើម្បីបន្តរក្សាសមិទ្ធិផលដែលភាគីទាំងពីរបានធ្វើរួមគ្នាដូចជាការបោះពុម្ភបណ្ណផ្សព្វផ្សាយគោលដៅទេសចរណ៍សៀមរាប អង្គរ និងបាហ្គាន (ប្រទេសពីរ គោលដៅតែមួយ) ការផ្លាស់ប្តូរទស្សនកិច្ច Farm Trip សម្រាប់ប្រពន្ធផ្សព្វផ្សាយ និង ការសម្តែងវប្បធម៌រួមគ្នា។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ក្រោយបញ្ចប់កិច្ចចុះអនុស្សរណៈថា អនុស្សរណៈរវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា នាពេលនេះ ធ្វើឡើងផ្ដោតសំខាន់លើ ផែនការកម្មវិធីអភិវឌ្ឍន៍វិស័យទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជម្រុញឲ្យមានការអនុវត្ត និងការសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ ក្នុងការជម្រុញលំហូរទេសចរពីកម្ពុជាទៅមីយ៉ាន់ម៉ា ពីមីយ៉ាន់ម៉ាមកកម្ពុជា និងទេសចរប្រទេសទី៣ផងដែរ។
លោក ទិត ចន្ថា បានបន្តថា ក្រៅពីនេះ អនុស្សរណៈខាងលើក៏បានផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទេសចរណ៍ «អង្គរ-បាហ្គាន រាជធានីបុរាណពីរ គោលដៅទេសចរណ៍តែមួយ» ដោយមានការរំលេចពីសក្ដានុពលពីបុរាណដ្ឋានទាំងពីរ គឺអង្គរវត្តរបស់កម្ពុជា និងបាហ្គានរបស់មីយ៉ាន់ម៉ា ដែលមានសក្ដានុពលដ៏ធំក្នុងវិស័យទេសចរណ៍វប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅមកទស្សនាតំបន់បេតិកភណ្ឌវប្បធម៌នៃប្រទេសទាំងពីរនេះ ឲ្យកាន់តែច្រើនឡើងថែមទៀត សំដៅទាក់យកផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។

សូមជម្រាបថា រាជធានីបាហ្គាន (ខ្មែរបុរាញហៅថា ហង្សាវត្តី) គឺជា​ទីក្រុង​បុរាណ​ស្ថិត​នៅ​កណ្ដាល​ប្រទេស​មីយ៉ាន់ម៉ា ​ដែលធ្លាប់​ជា​ទីក្រុង​ដ៏​មាន​ឥទ្ធិពល​រុងរឿង​បំផុតក្នុងប្រវត្តិសាស្ត្រភូមា កាលពី​ជិត​១​ពាន់​ឆ្នាំ​មុន​។ ទីក្រុង​នេះ​មាន​ប្រាសាទ និង​ចេតិយព្រះពុទ្ធ​សាសនា​ប្រមាណ ១​ម៉ឺន​កន្លែង ​ត្រូវ​បាន​កសាង​ចន្លោះ​សតវត្ស​ទី​១១ និង​ទី​១៣ ប៉ុន្តែបច្ចុប្បន្ន​នៅ​សល់​តែ​ប្រាសាទ និង​វត្តអារាម​ជាង ​២​ពាន់​កន្លែង​ប៉ុណ្ណោះ​៕

មតិយោបល់