កូរ៉េៈ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បាននិយាយថា វាទំនងជាទៅរួចដែលថាកូរ៉េខាងជើង អាចបង្កើតមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពវាយប្រហារទៅដល់ដីគោកអាមេរិក នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទីភ្នាក់ងារនេះ បានប្រាប់សមាជិកសភាថា « មិនមានសញ្ញានៃការសាកល្បងនុយក្លេអ៊ែរណាមួយ ដែលត្រូវបានរកឃើញនោះទេ បើទោះបីជាមជ្ឈមណ្ឌលសាកល្បងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅតំបន់ Punggye-ri ហាក់ដូចជាត្រៀមសម្រាប់ការបំផ្ទុះអាវុធគ្រប់ពេលក៏ដោយ» ។
ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកសភាពកូរ៉េខាងត្បូង បាននិយាយថា ក្រុងព្យុងយ៉ាងកំពុងបន្តការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ប្រឆាំងនឹងការថ្កោលទោសរបស់ពិភពលោក ដោយរបបមួយនេះ កំពុងព្យាយាមបិទបាំងព័ត៌មានខាងក្រៅ ដើម្បីអាចជៀសវាងការប្រឈម នឹងការដាក់ទណ្ឌកម្មពីអន្តរជាតិ៕

មតិយោបល់