កាលពីម្សិលមិញនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា ការប្រែប្រួលភាពរិចរិលនៃព្រៃឈើ នាពេលបច្ចុប្បន្ននៅកម្ពុជាមានត្រឹមតែ ០.៦% ប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹង នៅក្នុងវេទិកាស្តីពី «ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន។
លោកបន្តថា ការវាយតម្លៃនេះធ្វើឡើងដោយការសិក្សាពីផ្កាយរណប ហើយការសិក្សាបែបវិទ្យាសាស្រ្តនេះ បញ្ជាក់ថា អត្រាភាពរិចរិលនៃព្រៃឈើបានមានការថយចុះរយៈពេលជាង ១០ឆ្នាំ (២០០៦-២០១៦) ហើយគិតជាមធ្យមមានការថយចុះនាពេលបច្ចុប្បន្នប្រមាណ ០.៦% នៃផ្ទៃដីប្រទេស។
តាមការព្យាករណ៍នៅក្នុងរយៈពេល ២ឆ្នាំខាងមុខទៀត អត្រាភាពរិចរិលធនធានព្រៃឈើ នឹងបន្តធ្លាក់ចុះជាបន្តទៀត ដោយសារប្រសិទ្ឋភាពនៃការអនុវត្តកំណែទម្រង់លើការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមពីសហគមន៍មូលដ្ឋានពីកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។
គួរជម្រាបថា ក្រសួងបរិស្ថាន បានខិតខំបំពេញភារកិច្ចបង្កើតតំបន់ការពារធម្មជាតិថ្មីចំនួន ២៤ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ៣កន្លែង ដែលដូចនេះប្រព័ន្ធតំបន់ការពារធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ តំបន់ការពារធម្មជាតិសរុបមាន ៥១កន្លែង និងរបៀងជីវៈចម្រុះប្រព័ន្ឋការពារធម្មជាតិ ៣កន្លែង គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧.៥លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីទូទាំងប្រទេស៕
មតិយោបល់