ព័ត៌មានអន្តរជាតិ

យោធាតួកគី បណ្តេញបុគ្គលិករដ្ឋចំនួន ៨,៥៧០ នាក់ហើយ ចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ

តួកគីៈ រដ្ឋមន្ត្រីការពារជាតិតួកគី បាននិយាយកាលពីថ្ងៃពុធថា បុគ្គលិកមន្ត្រីរដ្ឋសរុបទាំងអស់ចំនួន ៨,៥៧០ នាក់ហើយ ត្រូវបានបណ្តេញចេញពីតំណែង ចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ កាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ឧបនាយករដ្ឋមន្ត្រីតួកគី លោក Nurettin Canikli បាននិយាយនៅក្នុងកិច្ចប្រជុំសភាមួយថា ឧត្តមសេនីយ៍ចំនួន ១៥០ នាក់ មន្ត្រីកងទ័ព ៤,៦៣០ នាក់ ពលបាលត្រី ២.១៦៨ នាក់ ពលបាលឯកទេសចំនួន ១,២១១ នាក់ និងមន្រ្តីរាជការចំនួន ៤១១ នាក់ ត្រូវបានបណ្ដេញចេញពីមុខតំណែង។

សូមជំរាបថា ​បុព្វ​ជិត​សាសនា​លោក Fethullah Gulen ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងសហរដ្ឋអាមេរិក ត្រូវបាន​ប្រធានាធិបតីលោក Tayyip Erdogan និងរដ្ឋាភិបាលតួកគី​ចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យមួយ នៅក្នុងប្រទេសតួកគី កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦កន្លងទៅ ដោយបានសម្លាប់មនុស្សអស់ ២៥០ នាក់ និងរបួសជាង ២,០០០ នាក់។

បច្ចុប្បន្នរដ្ឋាភិបាលតួកគី បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នមួយ និងបានចាប់ផ្តើមប្រតិបត្តិការបង្ក្រាបដ៏ធំមួយ ទៅលើពួកអ្នកគាំទ្រលោក Gulen បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ៕

មតិយោបល់