នៅព្រឹកនេះ លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា សួនថាមពលសូឡា ទំហំ ១០០មេហ្គាវ៉ាត់ នឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈការសិក្សា នឹងបញ្ចប់នៅចុងឆ្នាំ ២០១៧នេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទតំបន់ ស្តីពី សន្តិសុខថាមពលអគ្គិសនីនៅ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លោក អ៊ិត ប្រាំង បានបន្តឲ្យដឹងថា កម្ពុជា គឺជាប្រទេស ដែលមានសក្តានុពលខ្ពស់ ក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យ (សូឡា) នេះ។
គម្រោងសួនថាមពលសូឡានេះ ស្ថិតក្រោមការសិក្សារបស់ ADB អគ្គិសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ដែលអាចនឹងចាប់ផ្តើមជាមួយទំហំ ២០មេហ្គាវ៉ាត់, ៣០មេហ្គាវ៉ាត់ និង ៥០មេហ្គាវ៉ាត់។
បន្ទាប់ពីបញ្ចប់ការសិក្សា នឹងមានការដាក់ឲ្យដេញថ្លៃពី ក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍លើគម្រោងនេះ តែចំពោះទីតាំង នៅពុំទាន់អាចបញ្ជាក់បាននៅឡើយទេ។
យោងតាមសារព័ត៌មានពីប្រទេសថៃ បានបញ្ជាក់ថា មន្ត្រី ADB បានលើកឡើងថា គម្រោងសួនសូឡានេះ នឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ ២០១៨ខាងមុខនេះ។
ប្រសិនបើគម្រោងនេះ ដំណើរការបានល្អ ខាង ADB នឹងជួយបន្ថែមទៀតទៅលើ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងខ្សែបណ្តាញនៃសួនសូឡានេះ៕


មតិយោបល់