យន្តហោះប្រភេទ Boeing B727-200 របស់កម្ពុជា នឹងត្រូវបានដាក់ឲ្យដេញថ្លៃ ដោយរដ្ឋាភិបាលវៀតណាម ដើម្បីទុកសងថ្លៃចំណត ៦សែនដុល្លារអាមេរិក ដែលចតចោលនៅព្រលានយន្តហោះហាណូយ អស់រយៈពេលជាង ១០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មានវៀតណាម VNExpress។
យន្តហោះនេះពីមុនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Khmer Airline បានចតទុកចោល នៅព្រលានយន្តហោះហាណូយ តាំងពីខែ ឧសភា ឆ្នាំ ២០០៧មកម្ល៉េះ ហើយត្រូវបានបោះបង់ចោលដោយសារបញ្ហាបច្ចេកទេស។
មន្រ្តីអាកាសចរណ៍វៀតណាម បានព្យាយាមទាក់ទងទៅតំណាងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីយកយន្តហោះត្រលប់ទៅវិញ តែមិនដែលបានទទួលការឆ្លើយតបឡើយ។
យន្តហោះ Boeing B727-200 ត្រូវបានដកចេញពីបញ្ជីយន្តហោះ ដោយអាជ្ញាធរកម្ពុជា តាំងពីឆ្នាំ ២០០៨ ហើយក្រុមហ៊ុន Royal Khmer Airline ក៏ឈប់ដំណើរការក្នុងឆ្នាំ ២០០៧ផងដែរ។
ដូច្នេះ ម្ចាស់កម្មសិទ្ធិលើយន្តហោះដែលបោះបង់ចោលនេះ ត្រូវបានផ្ទេរជូនរដ្ឋាភិបាលវៀតណាម ដើម្បីរៀបចំការដាក់ដេញថ្លៃ។
យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាម បានធ្វើការសិក្សាទៅលើស្ថានភាពយន្តហោះនេះ ដែលសន្និដ្ឋានថា យន្តហោះនេះ មិនអាចជួសជុលឲ្យបានដូចសភាពដើមនោះទេ ដូច្នេះនឹងធ្វើការដាក់ដេញថ្លៃ ដើម្បីយកប្រាក់សងថ្លៃចំណត ដែលចតចោលអស់រយៈពេលជិត ១០ឆ្នាំនេះ៕

មតិយោបល់