ព័ត៌មានសេដ្ឋកិច្ច

វេទិកាស្រូវអង្ករកម្ពុជា និងសន្និបាតប្រចាំឆ្នាំ២០១៧ ត្រូវពន្យារដល់ដើមឆ្នាំ ២០១៨

វេទិកាស្រូវអង្ករកម្ពុជា និងសន្និបាតប្រចាំឆ្នាំ ២០១៧ ដែលសហការរៀបចំដោយ សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វ និង ក្រុមហ៊ុន AMB នឹងត្រូវពន្យារដល់ដើមឆ្នាំ ២០១៨។ នេះបើយោងតាមការឲ្យដឹងពី សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសនៅព្រឹកនេះ។

លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា វេទិកាស្រូវអង្ករកម្ពុជាលើកទី ៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងត្រូវពន្យាររហូតដល់ ថ្ងៃទី ២២ – ២៣ ខែមករា ឆ្នាំ ២០១៨។

គួររម្លឹកថា លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានត្រៀមរៀបចំ វេទិកាស្រូវអង្ករ និង សន្និបាត ប្រចាំឆ្នាំ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា៖ វេទិកាស្រូវ​អង្ករកម្ពុជាលើកទី៦ ពិព័រណ៍កសិចំណីអាហារ និង ពិព័រណ៍កសិបសុសត្វ។

គុណភាពអង្ករ ព័ត៌មានពីពូជ ផលិត កម្មស្រូវ ផលិតកម្មតាមកិច្ចសន្យា ព័ត៌មានទីផ្សារ តម្រូវការទីផ្សារ និង បច្ចុប្បន្នភាពគោលនយោបាយស្រូវអង្ករ នឹងត្រូវលើកបង្ហាញនាពេលនោះ។

វេទិកាស្រូវអង្ករកម្ពុជា បានដើរតួនាទីសំខាន់ក្នុងការប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងនោះមាន អ្នកធ្វើគោលនយោបាយ អ្នកនាំចេញ អ្នកកែច្នៃ អ្នកផលិត និង អង្គការនានាដែលអនុវត្តគម្រោងពាក់ព័ន្ធការដាំដុះស្រូវនៅកម្ពុជា។

តាមការរំពឹងទុក បុគ្គលសំខាន់ៗក្នុងវិស័យស្រូវអង្ករចំនួន ៤០០នាក់ ក៏នឹងត្រូវអញ្ជើញចូលរួមក្នុងកម្មវិធីនោះ។

ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងបង្ហាញជូនអ្នកចូលរួមទាំងអស់នូវមុខម្ហូបខ្មែរច្រើនមុខ របៀបចម្អិនម្ហូប ការប្រកួតម្ហូបអាហារដែលរៀបចំឡើងដោយ សហព័ន្ធចុងភៅកម្ពុជា។

ក្រៅពីតួអង្គសំខាន់ៗក្នុងវិស័យស្រូវអង្ករ នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀត ក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និង ក្រុមហ៊ុនចិញ្ចឹមសត្វនឹងចូលរួម បង្ហាញនូវសមិទ្ធិផលរបស់ខ្លួននាពេលនោះ៕

មតិយោបល់