កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន MARUHAN បានទិញយកស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ឈ្មោះថា ស្ថាបនា ដែលបច្ចុប្បន្ននេះប្តូរពីមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារស្ថាបនាវិញ មានគម្រោងសាងសង់អគារទីស្នាក់ការកណ្តាលស្ថិតនៅ ផ្លូវនរោត្តម រាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ដែលនឹងសាងសង់រួចរាល់ នៅឆ្នាំ២០២០ខាងមុខ ដោយមានកម្ពស់ ២២ជាន់ អស់ទឹកប្រាក់ប្រមាណ ៦០លានដុល្លារអាមេរិក។
សព្វថ្ងៃនេះ ធនាគារនៅកម្ពុជា មានទឹកប្រាក់ប្រមាណ ១២០លានដុល្លារអាមេរិក ដែលមានសាខា ១៦៨កន្លែងនៅទូទាំងប្រទេស មានបុគ្គលិក ៤,៣០០នាក់ ស្មើនឹង ១៥ភាគរយ នៃបុគ្គលិកបម្រើការងារនៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។
ក្រៅពីធនាគារនៅកម្ពុជា ក្រុមហ៊ុន មានការវិនិយោគទីលានវាយហ្គោលចំនួន ១៧ នៅជប៉ុន ហើយសព្វថ្ងៃនេះ មានក្រុមហ៊ុនជប៉ុនជាង ២៥០ ដែលមានជំនឿចិត្តក្នុងការបណ្តាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា ។
ក្រៅពីវិនិយោគ ក្រុមហ៊ុន MARUHAN បានចូលរួមក្នុងកិច្ចកាសង្គមយ៉ាងសកម្មផងដែរដូចជាជីកអណ្តូងទឹកស្អាត សាងសង់សាលារៀន និង គាំទ្រលើវិស័យកីឡាជាដើម។
កាលពីពេលថ្មីៗនេះ ធនាគារ ស្ថាបនា បានចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញាថ្មី ដែលចំណាយទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក ដើម្បីធ្វើការផ្លាស់ប្តូរទូទាំងប្រទេស។
ការផ្លាស់ប្តូរ ស្លាកសញ្ញាថ្មីនេះ ពុំមានប៉ះពាល់ដល់ប្រតិបត្តិការរបស់ធនាគារទេ គឺកាន់តែជម្រុញឲ្យ ការផ្តល់សេវាធនាគារ កាន់តែមានប្រសិទ្ធភាព ប្រកបដោយភាពច្នៃប្រឌិត បច្ចេកវិទ្យា និងមានស្តង់ដាធនាគារពាណិជ្ជសមស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា។
គួររម្លឹកដែរថា ធនាគារស្ថាបនា បានក្លាយខ្លួនជា ធនាគារពាណិជ្ជនាំមុខគេនៅកម្ពុជា ដែលមានទ្រព្យសកម្មលើស ១ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០១៧នេះ៕



មតិយោបល់