ព័ត៌មានសេដ្ឋកិច្ច

ពិព័រណ៍ផលិតផលខេត្ត១ ផលិតផល១ នៅកោះពេជ្រ ប្រកាសបើកជាផ្លូវការ

ក្រសួងពាណិជ្ជកម្ម បានប្រកាសបើកជាផ្លូវការ ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១​ កម្ពុជា លើកទី ១២ ដែលកំពុងប្រារព្ធធ្វើឡើងពីថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ដ១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ នឹងមានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានជួយបង្កើនផលិតភាព បង្កើនតម្លៃបន្ថែមលើផលិតផល ពង្រឹងគុណភាពផលិតផល និងសេវាបង្កើត ការងារថ្មីៗ បង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។

លើសពីនេះទៅទៀត សម្តេច បានកត់សម្គាល់ឃើញថា តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និង ការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ធំៗនៅក្រៅប្រទេសដូចជា ពិព័រណ៍ពិភពលោក (ដំណើរការរយៈពេល០៦ខែ) ពិព័រណ៍អន្តរជាតិ (ដំណើរការរយៈពេល០៣ខែ) និងពិព័រណ៍ចិន-អាស៊ានជាដើម ធ្វើឲ្យកម្ពុជា មានកិត្តិយស ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងជាឱកាសដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយអំពីផលិតផលសក្តានុពលរបស់ខ្លួន ស្វែងរកទីផ្សារនាំចេញ ទាក់ទាញវិនិយោគិនបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេស បានចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើនថែមទៀត។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺរៀបចំឡើងក្នុងគោលបំណងជម្រុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសគឺ ជម្រុញការនាំចេញ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការទិញផលិតផលខ្មែរ ស្មើនឹងជួយបង្កើតការពារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

លោក ក៏បានអំពាវនាវដែរថា បើចង់ឲ្យផលិតផលជាតិរស់ សូមកុំឆ្ងាញ់តែរសជាតិផលិតផលបរទេស ដែលនេះជាសារដាស់តឿនមួយផងដែរ ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យនាំគ្នាគាំទ្រផលិតផលជាតិកាន់តែច្រើនឡើងៗ បើសិនផលិតករ និងសហគ្រិនកម្ពុជា អាចធ្វើបាន។

លោកបន្តថា ផលិតផលរបស់កម្ពុជា មានគុណភាពល្អ តម្លៃសមរម្យ តែត្រូវការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាជនខ្មែរ និងអន្តរជាតិ ដើម្បីទាក់ទាញការគាំទ្រថែមទៀត ហើយលោករំពឹងថា វត្តមានផលិតផលខ្មែរ នឹងកាន់តែកើនឡើង នៅលើទីផ្សារនានា ជាពិសេសតាម ផ្សារទំនើបផងដែរ។

ពិព័រណ៍នេះ មានតាំងបង្ហាញនូវ ផលិតផល និងសេវាជាច្រើនប្រភេទ ដូចជា៖ ផលិតផលកសិកម្ម និងសិប្បកម្ម, ផលិតផលធ្វើពីសូត្រ វត្ថុអនុស្សាវរីយ៍ សម្ភារការិយាល័យ, ក្រណាត់, វាយនភណ្ឌ និងសម្លៀកបំពាក់, ប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃ, សម្ភារតុបតែងក្នុងគេហដ្ឋាន, គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ, គ្រឿងសម្អាង, គ្រឿងសង្ហារឹម, ផលិតផលឱសថ, ផលិតផលបា្លស្ទិក, ម្ហូបអាហារកែច្នៃ, គ្រឿងឧបភោគ-បរិភោគ, ភេសជ្ជៈ, គ្រឿងអេឡិចត្រូនិក, កុំព្យូទ័រ, សម្ភារសំណង់, ផលិតផលសម្រាប់បម្រើសេវាសណ្ឋាគារ ទេសចរណ៍ អប់រំ និងធនាគារ ជាដើម៕

មតិយោបល់