ព័ត៌មានសេដ្ឋកិច្ច

កំពង់ផែទឹកជ្រៅព្រះសីហនុ តម្លៃ ២០០លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៨

គម្រោងកំពង់ផែទឹកជ្រៅ តម្លៃជាង ២០០លានដុល្លារអាមេរិក ដែលជាគម្រោងថ្មីរបស់រាជរដ្ឋាភិបាល នឹងលេចរូបរាងនៅខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីម្សិលមិញ។

កំពង់ផែស្តង់ដារអន្តរជាតិនេះ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៨ខាងមុខ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការសិក្សារបស់ JICA។

លោកបានបន្តថា ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ទាំងផ្លូវ ផ្លូវដែក និងកំពង់ផែ។

កំពង់ផែថ្មីនេះ នឹងអាចទទួលនាវាធំៗខ្នាតយក្សប្រមាណ ៩៣ភាគរយ មកពីជុំវិញពិភពលោក ដឹកកុងតឺន័រចូលចតបាន អាចធ្វើឲ្យតម្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជា ចុះទាប អាចប្រហាក់ប្រហែលប្រទេសជិតខាង ហើយបរិមាណកុងតឺន័រឆ្លងកាត់ អាចលើសពី ១លានកុងតឺន័រ ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ដែរថា កំពង់ផែថ្មីនេះ មានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤ម៉ែត្រកន្លះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៨ ហើយបញ្ចប់នៅឆ្នាំ ២០២២ ខាងមុខនេះ៕

មតិយោបល់