លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ២១៥,០០០នាក់។
ចំនួននេះ គឺមានការកើនឡើងចំនួន ២.៣៨ភាគរយ ធៀបនឹងឆ្នាំ ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនូន ១០៩០០០នាក់ កើនឡើង ១.០៥ភាគរយ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៨,០០០នាក់ កើនឡើង ២.៦២ ភាគរយ ។
លោកប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងបន្តថា ភ្ញៀវទេសចរបរទេសចូលតាមច្រកកំពង់ផែសមុទ្រមានចំនួន ២០៣១នាក់ ស្រី ៨៤៦នាក់ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ១៤០៣នាក់ ស្រី ៧៥០នាក់ និងនាវិក ៦២៨នាក់ ស្រី ៩៦នាក់។
ភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះនានា ក្នុងខេត្តព្រះសីហនុ ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម មានចំនួន ៦២៣៥នាក់ ក្នុងនោះស្រីមានចំនួន ២៨៧៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៣៧២៩នាក់ កើន ៤២ភាគរយ ស្រី ១៧៧០នាក់ និងអន្តរជាតិមានចំនួន ២៥០៦នាក់ ស្រី១២០៤នាក់ ។
លោក តាំង សុចិត្តគ្រឹស្នា បានបន្តថា ភ្ញៀវទេសចរចូលតាមច្រកព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុ មាន៣៣ជើង ស្មើនឹង ២១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៣១នាក់ និងភ្ញៀវអន្តរជាតិ ១៨១៩នាក់ ។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ ២០១៧ ឈានចូលឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលរួមអបអរសាទរសម្បាយរីករាយយ៉ាងច្រើនកុះករ ដោយមានការសហការជាមួយរដ្ឋបាលខេត្ត ក្រុង រួមជាមួយអាជីវករ ដើម្បីស្វែងរកវិធានការដោះស្រាយបញ្ហាតម្លៃស្នាក់នៅ ក៏ដូចសេវាម្ហូបអាហារជាដើម បានសមរម្យក៏ដូចជាការពង្រឹងគុណភាពសេវាកម្ម ការពង្រឹងសណ្តាប់ធ្នាប់បរិស្ថានអនាម័យ នៅតាមរមណីយដ្ឋាននានាបានល្អប្រសើរក្នុងការទាក់ទាញឱ្យភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ កាន់តែច្រើននាពេលខាងមុខ៕
មតិយោបល់