ព័ត៌មានសេដ្ឋកិច្ច

១ខែដំបូង កម្ពុជា នាំអង្ករជាង ៥ម៉ឺនតោន ទៅកាន់ទិសដៅចំនួន ៣៤ប្រទេស

នៅក្នុងខែមករា ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជិត ៥ម៉ឺនតោន ទៅកាន់ប្រទេសចំនួន ៣៤។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញផ្សាយកាលពីពេលថ្មីៗនេះ។

បរិមាណអង្ករនាំចេញគឺប្រមាណ ៤៨,៨២០តោន កើនឡើងជាង ១០ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទ មានប្រមាណ ៥៨ភាគរយ អង្ករ ស គ្រប់ប្រភេទមានប្រមាណ ៣៦ភាគរយ និងអង្ករចំហុយ មាន ៥ភាគរយ។

នៅក្នុងចំណោមប្រទេសទាំង ៣៤ខាងលើ ប្រទេសចិនឈរលំដាប់ទី ១ (១៨ពាន់តោន) បារាំងលំដាប់ទី ២ (៨ ពាន់តោន) ប៉ូឡូញលំដាប់ទី ៣ (៤ពាន់តោន)។ល។

រីឯក្រុមហ៊ុននាំចេញ មានចំនួន ៤៧ក្រុមហ៊ុន ដែលនាំមុខគេដោយ ទី១. ក្រុមហ៊ុន Baitang Kampuchea មាន ៤៩០៣តោន ទី២. ក្រុមហ៊ុន City Rice Import Export មាន ៣៩៦១តោន ទី៣. ក្រុមហ៊ុន Cristal Rice មាន ៣៩៦១តោន។ល។

តាមការសន្និដ្ឋាន បរិមាណអង្ករនាំចេញ មានការកើនឡើងនេះ ជាសញ្ញាល្អ ដើម្បីសម្រេចនូវគោលដៅរំពឹងទុករបស់រាជរដ្ឋាភិបាល ក្នុងការនំាចេញអង្ករឲ្យទទួលបានជោគជ័យ៕

មតិយោបល់