ព័ត៌មានជាតិ

អាសូរ! ចប់ម៉ោងការងារ តខ្សែភ្លើងឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់

ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីគាត់រាយខ្សែភ្លើងទៅឆក់ត្រីនៅក្នុងស្រះទឹកមួយកន្លែង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលត្រូវចរន្តអគ្គិសនីឆក់យកជីវិតនោះឈ្មោះ អ៊ីម ដា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិទួលពពេល ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្នាក់នៅជិតកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រោយពីចប់ម៉ោងការងារវេលាម៉ោង៥ល្ងាច ជនរងគ្រោះបានរាយខ្សែភ្លើងដើម្បីឆក់ត្រីធ្វើម្ហូបនៅក្នុងស្រះខាងលើ។ ហើយនៅក្នុងខណៈពេលនោះកំពុងឆក់ត្រីភ្លាត់ស្នៀតក៏ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ ចំណែកមិត្តភក្ដិរួមការងារពេលឃើញបែបនេះក៏បាននាំគ្នាជួយសង្គ្រោះបឋមដែរប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ទើបនាំគ្នាសែងសាកសពទៅដាក់នៅក្បែរសំណង់ផ្ទះល្វែងដែលខ្លួនធ្វើការរួចបានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យនិងកោសល្យវិច័យរួចរាល់បានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
https://youtu.be/u-gveCygdZM

មតិយោបល់