ក្រុមហ៊ុនថៃ Thai President Foods Plc គ្រោងនឹងបើករោងចក្រផលិត មីម៉ាម៉ា នៅទីក្រុងភ្នំពេញ បន្ទាប់ពីបានទិញដីទំហំជាង ៦៤០០ម៉ែត្រការ៉េ រួចរាល់ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post។
លោក Pipat Paniengvate នាយកប្រតិបត្តិនៃក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុន បានទិញដីរួចរាល់ហើយ ក្នុងទីក្រុងភ្នំពេញ តែម្តង ហើយនឹងចាប់ផ្តើមសាងសង់រោងចក្រ នាពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ លោក ពុំបានបង្ហាញពី ទំហំទឹកប្រាក់វិនិយោគ សម្រាប់ប្រទេសកម្ពុជា ទេ។
ក្រុមហ៊ុន Thai President Foods កំពុងដំណើរការរោងចក្រមួយនៅភ្នំពេញ ហើយក៏រំពឹងលក់បាន ៣០០លានឯកតា ក្នុងទីផ្សារកម្ពុជា កាលពីឆ្នាំ ២០១៧។
លោក Pipat ក៏បានបញ្ជាក់ដែរថា ទីផ្សារនៅថៃ គឺជ្រួតជ្រាបអស់ទៅហើយ ដែលវាជាពេលត្រូវចាប់ឱកាសវាយលុកទីផ្សារអន្តរជាតិ ហើយក្រុមហ៊ុនគ្រោងចំណាយជាង ២០០លានបាត សម្រាប់បើករោងចក្រនៅក្រៅប្រទេស ក្នុងឆ្នាំ ២០១៨នេះ។
គួរជម្រាបដែរថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន កំពុងដំណើរការរោងចក្រ ៥ នៅប្រទេសថៃ និង ៤ទៀតនៅប្រទេសហុងគ្រី កម្ពុជា មីយ៉ាន់ម៉ា និងបង់ក្លាដែស៕
មតិយោបល់