ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ស្នើអាល្លឺម៉ង់វិនិយោគលើ រោងចក្រផលិតគ្រឿងបង្គុំរថយន្តស្តង់ដាពិភពលោក

កម្ពុជា បានស្នើដល់អាល្លឺម៉ង់ ឲ្យវិនិយោគលើរោងចក្រផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្តផ្សេងៗ ដែលមានស្តង់ដាទទួលស្គាល់ជាអន្តរជាតិ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជួបពិភាក្សាជាមួយលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងបានស្នើវិនិយោគិនអាល្លឺម៉ង់ ឲ្យមកវិនិយោគលើរោងចក្រនៅកម្ពុជា ដើម្បីផលិតគ្រឿងបង្គុំរថយន្ត ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពេញទូទាំងសកលលោក។

លោកបន្តថា ផលិតកម្មក្នុងប្រទេសកម្ពុជា មិនត្រឹមតែនាំចេញទៅអាស៊ានជាមួយអត្រាពន្ធ ០ភាគរយនោះទេ ថែមទាំងនាំចេញទៅទីផ្សារជាច្រើនលើសកលលោក ជាមួយការអនុគ្រោះពន្ធពិសេសទៀតផង។

ជាការឆ្លើយតប លោក Ingo Karsten នឹងបង្ហាញពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា ទៅដល់វិនិយោគិនអាល្លឺម៉ង់ ហើយប្រតិភូសភាអាល្លឺម៉ង់ នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ខេត្តសៀមរាប នៅខែក្រោយផងដែរ៕

មតិយោបល់